(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម តាមរយៈនាយកដ្ឋានកម្មសិទ្ធិកម្មបញ្ញា កំពុងសិក្សាលទ្ធភាព ក្នុងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ឬម៉ាកសមូហភាព លើផលិតផលក្នុងវិស័យកសិកម្ម និងជលផលចំនួន៤ប្រភេទទៀត រួមមាន «អង្ករបាត់ដំបង» «បង្គារក្រៀមកំពង់សោម» «បង្គារក្រៀមកោះកុង» និង «ប្រហុកត្រីសៀមរាប» ដែលជាផលិតផលសក្តានុពលនៃប្រទេសកម្ពុជា ដើម្បីលើកកម្ពស់តម្លៃ និងកេរ្តិ៍ឈ្មោះលើទីផ្សារជាតិអន្តរជារតិ។
លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ មិថុនានេះថា «អង្ករបាត់ដំបង» «បង្គារក្រៀមកំពង់សោម» «បង្គារក្រៀមកោះកុង» និង «ប្រហុកសៀមរាប» មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងត្រូវបានសាធារណជនទទួលស្គាល់ អំពីគុណភាពពិសេស ទើបក្រសួងពាណិជ្ជកម្ម ក្រោមគំនិតផ្តួចផ្តើមរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា និងដៃគូអភិវឌ្ឍន៍ថ្នាក់ជាតិ និងក្រោមជំនួយបច្ចេកទេសរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងអង្គការ UNIDO ដើម្បីចុះសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានលម្អិតស្តីពី ផលិតផលសក្តានុពលទាំង ៤ នេះ ដើម្បីរៀបចំចុះបញ្ជីការពារជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៅពេលខាងមុខ។
លោកបន្តថាក្រសួងពាណិជ្ជកម្មបន្តជ្រើសរើសយក ផលិតផល «អង្ករបាត់ដំបង» «បង្គារក្រៀមកំពង់សោម» «បង្គារក្រៀមកោះកុង» និង«ប្រហុកសៀមរាប» សម្រាប់កសាងជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៅកម្ពុជា គឺដើម្បីទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្រ្តផលិតផលទាំង៤នេះ នៅលើទីផ្សារជាតិ និងអន្តរជាតិ។
បន្ថែមពីនេះ ក្រសួងមានបំណងចូលរួមអភិរក្សចំណេះដឹង-ចំណេះធ្វើ របស់ផលិតករ និងអាជីវករ តាមបណ្តាខេត្តនានា បង្កើនច្រវ៉ាក់តម្លៃ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីមកធ្វើទស្សនកិច្ចក្នុងតំបន់ផលិតកម្ម។ ជាមួយគ្នា ក៏ដើម្បីឱ្យផលិតផលទាំងនេះ អាចចូលរួមប្រកួតប្រជែងពិព័រណ៌ចំណីអាហារថ្នាក់ជាតិ និងអន្តរជាតិ ពិសេស ប្រទេសថៃ វៀតណាម និងចិនជាដើម។
លោកបានគូសបញ្ជាក់បន្ថែមថា «ផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ឬម៉ាកសមូហភាព គឺជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដែលធ្វើឱ្យសាធារណជនទទួលស្គាល់អំពីគុណភាព ដែលផ្សារភ្ជាប់នឹងតំបន់ភូមិសាស្រ្ត (អាកាសធាតុ ដី ការថែរក្សាចំណេះដឹង ចំណេះធ្វើ តាមបែបប្រពៃណី ការអភិរក្សធនធានធម្មជាតិ) ដែលផ្តល់ឱ្យទំនិញសម្គាល់ភូមិសាស្រ្ត ឬសមូហភាពនោះមានលក្ខណៈពិសេសខុសប្លែកពីតំបន់ដទៃ ពិសេសមានការត្រួតពិនិត្យត្រឹមត្រូវ ពីអង្គភាពត្រួតពិនិត្យពីខាងក្នុងរបស់សមាគម និងអង្គភាពឯករាជ្យចេញវិញ្ញាបនបត្រពីខាងក្រៅ ដែលចំណុចទាំងអស់នេះហើយ ដែលអាចជំរុញឱ្យផលិតផលទាំងនោះ នាំចេញទៅលក់នៅក្រៅប្រទេសបាន តាមរយៈសមាជិកសមាគមដែលជាប្រតិបត្តិករ និង/ឬក្រុមហ៊ុនកែច្នៃវេចខ្ចប់»។
ក្រោយការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ឬម៉ាកសមូហភាព តំបន់ផលិតកម្មក្នុងខេត្តនីមួយៗ នឹងទទួលបាននូវអត្ថប្រយោជន៍ ដូចជា ការប្រើប្រាស់រូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «អង្ករបាត់ដំបង» «បង្គារក្រៀមកំពង់សោម» «បង្គារក្រៀមកោះកុង» និង «ប្រហុកសៀមរាប» រួមគ្នា តាមរយៈការដាក់ពាក្យស្នើសុំចូលជាសមាជិក និងចុះកិច្ចសន្យាថានឹងអនុវត្តអនុលោមតាមសៀវភៅបន្ទុក។
សូមជម្រាបថា ផលិតផល៤នេះ ត្រូវបានក្រសួងពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ថ្នាក់ជាតិ និងអន្តរជាតិ បានកំណត់ក្នុងការសិក្សាចាប់តាំងពីឆ្នាំ២០១៩ ក្នុងចំណោមផលិតផលចំនួន ២២សម្រាប់រៀបចំចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ៕