(ញូវយ៉ក)៖ ទិន្នន័យពីក្រសួងរតនាគារសហរដ្ឋអាមេរិក បានបង្ហាញនៅថ្ងៃសប្តាហ៍នេះថា ប្រទេសជប៉ុន និងចិនបានកាត់បន្ថយការកាន់កាប់ប័ណ្ណរតនាគារ (ប័ណ្ណបំណុល) សហរដ្ឋអាមេរិកក្នុងខែឧសភា ដែលធ្លាក់ចុះដល់កម្រិតទាបរយៈពេលជាច្រើនឆ្នាំ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រសួងរតនាគារអាមេរិកថា ការកាន់កាប់ប័ណ្ណបំណុលអាមេរិករបស់ប្រទេសជប៉ុនបានធ្លាក់ចុះមកនៅត្រឹម ១,២១២ទ្រីលានដុល្លារអាមេរិក ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីខែមករាឆ្នាំ២០២០មក នៅពេលដែលកម្រិតកាន់កាប់របស់ជប៉ុនមានចំនួន ១,២១១ទ្រីលានដុល្លារ។ នៅក្នុងខែមេសា ឆ្នាំនេះ ការកាន់កាប់ប័ណ្ណបំណុលអាមេរិកដោយប្រទេសជប៉ុនមានចំនួន ១,២១៨ទ្រីលានដុល្លារ។
ទិន្នន័យរបស់ក្រសួងរតនាគារអាមេរិកបានបង្ហាញទៀតថា ការកាន់កាប់បំណុលរដ្ឋាភិបាលអាមេរិកដោយប្រទេសចិនក៏បានធ្លាក់ចុះផងដែរមកនៅត្រឹម ៩៨០,៨ប៊ីលានដុល្លារនៅក្នុងខែឧសភា ឆ្នាំនេះ ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីខែឧសភា ឆ្នាំ២០១០មក នៅពេលដែលការកាន់កាប់បំណុលអាមេរិកដោយប្រទេសចិនមានចំនួន ៨៤៣,៧ប៊ីលានដុល្លារ។ នៅក្នុងខែមេសា ឆ្នាំនេះ ប្រទេសចិនកាន់កាប់បំណុលអាមេរិកចំនួន ១,០០៣ទ្រីលានដុល្លារ។
ប្រទេសចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ បានកាត់បន្ថយការកាន់កាប់ប័ណ្ណរតនាគាររយៈពេលប្រាំមួយខែជាប់គ្នា។
ទោះបីជាចិន និងជប៉ុនបានលក់ប័ណ្ណរតនាគារអាមេរិកក្នុងខែឧសភាក៏ដោយ ក៏ទិន្នផលរតនាគារអាមេរិកបានធ្លាក់ចុះដែរ។ ទិន្នផលសម្រាប់ប័ណ្ណរតនាគារដែលមានរយៈពេលកំណត់ ១០ឆ្នាំ ដែលបានចាប់ផ្តើមនៅខែឧសភាឆ្នាំនេះ មានអត្រា ២,៩៩៦ភាគរយ ធ្លាក់ចុះប្រហែល ១៥ពិន្ទុមូលដ្ឋាន (០,១៥ភាគរយ) មក ២,៨៤៤ភាគរយនៅចុងខែឧសភា។
ជារួម ការកាន់កាប់ប័ណ្ណរតនាគារដោយប្រទេសបរទេសបានធ្លាក់ចុះមកនៅត្រឹមចំនួន ៧,៤២១ទ្រីលានដុល្លារក្នុងខែឧសភា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០២១មកពីចំនួន ៧,៤៥៥ទ្រីលានដុល្លារក្នុងខែមេសា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕