(បាងកក)៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងនៅសប្តាហ៍នេះថា ខ្លួនរំពឹងថា ឧស្សាហកម្មទេសចរណ៍ថៃនឹងអាចរកប្រាក់ចំណូលបានរហូតដល់ ២,៣៨ទ្រីលានបាត (៦៥,០៣ ប៊ីលានដុល្លារ) នៅឆ្នាំក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Yuthasak Supasorn ប្រធាន TAT ថា នៅក្នុងសេណារីយ៉ូល្អបំផុត ប្រាក់ចំណូល ១,៥ទ្រីលានបាតនឹងទទួលបានពីភ្ញៀវអន្តរជាតិ ហើយប្រាក់ចំណូលចំនួន ៨៨០ប៊ីលានបាតផ្សេងទៀតនឹងទទួលបានពីភ្ញៀវទេសចរក្នុងស្រុក។ លោកបានបន្ថែមថា ទឹកប្រាក់នេះនឹងស្មើនឹងប្រហែល ៨០ភាគរយនៃប្រាក់ចំណូលរបស់វិស័យនេះមុនពេលមានជំងឺរាតត្បាត។
ប្រទេសថៃបានទទួលភ្ញៀវបរទេសប្រហែល ២លាននាក់ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ ដែលកើនឡើងជាលំដាប់បន្ទាប់ពីឧស្សាហកម្មទេសចរណ៍របស់ខ្លួនស្ទើរតែដួលរលំដោយសារជំងឺរាតត្បាត និងដោយសារលក្ខខណ្ឌតម្រូវធ្វើដំណើរចូលក្នុងដ៏ស្មុគស្មាញ និងចំណាយច្រើនអស់រយៈពេលជាង១៨ខែមកនេះ។
កាលពីដើមឆ្នាំនេះ ប្រទេសថៃបានចាប់ផ្តើមកម្មវិធីទិដ្ឋាការរយៈពេលវែងសម្រាប់ជនបរទេសដែលមានទ្រព្យច្រើន និងកម្មករជំនាញដោយប្រកាន់ខ្ជាប់នូវផែនការរបស់ខ្លួនដើម្បីទាក់ទាញភ្ញៀវទេសចរដែលមានការចំណាយខ្ពស់ ខណៈពេលដែលប្រទេសនេះបានបាត់បង់ការងារជាច្រើន ហើយ និងអាជីវកម្មក្នុងវិស័យទេសចរណ៍រកខាតបង់ច្រើនក្នុងអំឡុងពេលរាតត្បាតរាតត្បាត៕