(ព្រះវិហារ)៖ ទីផ្សារដំណាំដំឡូងមី តម្លៃមានភាពល្អប្រសើរ ទាំងដំឡូងមីស្រស់ និងដំឡូងមីកៀម ដែលតម្លៃនេះ ធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញ ក្រោយប្រមូលផលដើម្បីបង្កើនជីវភាព។ ចំពោះការងារសម្របសម្រួល ទីផ្សារ និងតម្លៃ មន្ទីរបានតាមដានតម្លៃ ទិញ-លក់ដំឡូងមីជាប្រចាំ។ នៅចុងឆ្នាំ២០២១ និងដេីមឆ្នាំ២០២២នេះ បានធ្វេីឱ្យប្រជាកសិករសប្បាយចិត្តនាំគ្នាពង្រីកផ្ទៃដីដាំបន្ថែមទៀត។

ដោយឡែកសម្រាប់ខេត្តព្រះវិហារ ផ្ទៃដីដាំដំឡូងមី ក្នុងឆ្នាំ២០២២នេះ មានការកេីនឡេីងរហូតជិត ៣០,០០០ហិកតា បេីប្រៀបធៀបនឹងឆ្នាំ២០២១ មានត្រឹម ២៧,០០០ហិកតាប៉ុណ្ណោះ។ នេះបេីតាមការឱ្យដឹងពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២២នេះ។

លោក ពឹង ទ្រីដា បានបន្តថា «ដោយតម្លៃដំឡូងមីល្អជាបន្តបន្ទាប់ធ្វេីឱ្យប្រជាកសិករក្នុងខេត្តព្រះវិហារ បាននាំគ្នាផុលផុសដាំដំឡូងមីយ៉ាងច្រេីន ធ្វេីឱ្យផ្ទៃដីដាំដំឡូងមីនៅក្នុងខេត្តព្រះវិហារ ឆ្នាំ២០២២នេះ មានការកេីនឡេីងរហូតជិត៣មុឺនហិកតា»

លោកថារយៈពេល៣ឆ្នាំជាប់គ្នាៗនេះ តម្លៃដំឡូងមីមានការកេីនឡេីងល្អហេីយស្រួលលក់ ដោយលក់ស្រស់ក៏បានលក់ស្ងួតក៏បានម្យ៉ាងទៀតការដាំក៏គ្មានជួបហានិភ័យធ្វេីឱ្យប្រជាកសិករចូលចិត្តដាំច្រេីន ហេីយការប្រមូលផលជាលក្ខណៈសេដ្ឋកិច្ចបានខ្ពស់។

ប្រធានមន្ទីរកសិកម្ម បានបន្ថែមថា «ដំឡូងមីនៅក្នុងខេត្តព្រះវិហារ អាចទទួលបានទិន្នផលចន្លោះពី២០ ទៅ៣០តោន បេីនៅខាងស្រយ៉ង់ ស្រុកគូលែន ដែលមានដីក្រហម អាចពី៤០ ទៅ៥០តោនឯណោះ ក្នុង១ហិកតា ប៉ុន្តែគិតជាមធ្យមពី ២៥តោនទៅ៣០តោន ក្នុង១ហិកតា ហេីយបេីគិតជាប្រាក់អាចលក់បានពី៨លាន ទៅ១០លានរៀល ក្នុង១ហិកតា»

លោក ពឹង ទ្រីដា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ចំពោះប្រជាកសិករដែលដាំដំឡូងមីសរីរាង្គ គឺអាចលក់បានតម្លៃខ្ពស់ជាង កសិករដែលដាំដំឡូងមីលក់ឱ្យឈ្មួញខាងក្រៅរហូត ៣០រៀល ដោយសារដំឡូងមីសិរីរាង្គដែលកសិករដាំ គឺពួកគាត់លក់តាមកិច្ចសន្យា»

លោកថានៅក្នុងខេត្តព្រះវិហារ មានសហគម៍ចំនួន១២ ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសាជីវកម្ម CHCC។ លោកថាដំឡូងសរីរាងដែលកសិករដាំដោយចុះកិច្ចសន្យាជាមួយក្រុមហ៊ុន CC តាមរយៈក្រុមហ៊ុនថៃវ៉ា គឺយកទៅធ្វើចំណីអាហារកូនក្មេងលក្ខណៈពិសេស ដូច្នេះ ហេីយទេីបគេចង់បានដំឡូងមីសុវត្ថិភាព ដែលមានគុណភាពខ្ពស់ និងឱ្យតម្លៃកសិករផលិតតាមកិច្ចសន្យាខ្ពស់ជាងតម្លៃឈ្មួញទិញខាងក្រៅ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២១ កម្ពុជានាំចេញដំឡូងមីស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមីបានជិត ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសថៃ និងវៀតណាម៕