(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចូលរួមថ្លែងសុន្ទរកថា និងធ្វើបទអន្តរាគមន៍ ក្នុងអំឡុងពេលកិច្ចសន្ទនាឆ្លង វិស័យសម្រាប់ផែនការអនុវត្តសេដ្ឋកិច្ចចក្រា (Circular Economy) តាមប្រព័ន្ធអនឡាញ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន អង្គភាពស្រាវជ្រាវ និងភាគីពាក់ព័ន្ធរបស់ប្រទេសសមាជិកអាស៊ាន។
សេដ្ឋកិច្ចចក្រា (Circular Economy) សំដៅទៅលើការចេះសន្សំសំចៃ ទៅលើការប្រើប្រាស់សំរាម ឬកាកសំណល់ពីវិស័យឧស្សាហកម្ម ដើម្បីកែច្នៃឡើងវិញ ដើម្បីមានប្រយោជន៍ដល់បរិស្ថាន សង្គម និងសេដ្ឋកិច្ច។
កិច្ចសន្ទនានេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ល្អៗរបស់សេដ្ឋកិច្ចចក្រា ក្នុងគោលដៅស្វែងរកកិច្ចសហប្រតិបត្តិការរួមគ្នា ពីគ្រប់វិស័យពាក់ព័ន្ធ និងកំណត់ឲ្យបាននូវវិស័យអាទិភាព និងកម្មវិធីដែលអាចសម្រេច បានដោយឆាប់រហ័ស សម្រាប់ការអនុវត្តក្នុងតំបន់អាស៊ាន ដោយផ្តោតលើវិស័យសំខាន់ៗចំនួន៣ គឺ កសិកម្ម ថាមពល និងដឹកជញ្ជូន។
អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញនូវការស្វាគមន៍ សាទរចំពោះកិច្ចខំប្រឹងប្រែងរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការអនុវត្តសេដ្ឋកិច្ចចក្រា និងបានធ្វើបទអន្តរាគមន៍ផ្តល់ជាធាតុចូល ក្នុងនាមក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដូចខាងក្រោម៖
* ស្នើពន្លឿនការអនុវត្តផែនការសេដ្ឋកិច្ចចក្រា ឲ្យបានឆាប់រហ័ស ដោយដាក់បញ្ចូលនូវគម្រោងដែលមានឥទ្ធិពលខ្ពស់ និងដែលអាចអនុវត្តបាន ក្នុងរយៈពេល២ ឬ ៣ ឆ្នាំ នៅទូទាំងតំបន់អាស៊ាន ដោយហេតុថា ក្របខណ្ឌសេដ្ឋកិច្ចចក្រា គឺមានរួចជាស្រេចហើយនៅប្រទេសសមាជិកអាស៊ាន ហើយក៏មានផែនទីបង្ហាញផ្លូវ និងឯកសារយុទ្ធសាស្ត្រផងដែរ។
* គួរកំណត់ទិសដៅអាទិភាព និងយុទ្ធសាស្ត្រ ដែលជំរុញដល់ភាពរស់រវើកនៃសេដ្ឋកិច្ច តាមរយៈការគៀងគរមូលនិធិ ជួយដល់ការជំរុញសេដ្ឋកិច្ចចក្រា ជាពិសេស ជួយគាំទ្រដល់ដំណើរការអន្តរកាល នៃសហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម។
* កសាងផែនការអនុវត្តសេដ្ឋកិច្ចចក្រា ប្រកបដោយភាពប្រាកដប្រជា និងដែលអាចយកទៅអនុវត្តបាន ជាពិសេស ផ្តោតលើការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងប្រទេសដែលជាសមាជិកអាស៊ាន។
* គាំទ្រដល់វិស័យអាទិភាពផ្សេងៗ ដែលមានចែងនៅក្នុងផែនការអនុវត្តរួមមានដូចជា៖ វិស័យកសិកម្ម ថាមពល និង ដឹកជញ្ជូន។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ក៏ស្នើឲ្យមានការពង្រឹង កិច្ចពិភាក្សារវាងវិស័យឯកជន និងសាធារណៈ ឲ្យកាន់តែមានភាពគត់មុត និងច្បាស់លាស់៕