(ភ្នំពេញ)៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងថា កម្ពុជាបាននិងកំពុងចរចាជាមួយចិន បង្កើតច្រកពិសេសមួយ ដើម្បីផ្តល់ភាពងាយស្រួលដល់កម្ពុជានាំចេញកសិផលគ្រប់ប្រភេទ ទៅប្រទេសចិនឱ្យបានកាន់តែលឿន ដែលជាការចូលរួមកាត់បន្ថយការគ្មានទីផ្សាររបស់ផលិតផលកម្ពុជា។
លោក ងិន ឆាយ បញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។
បើតាមការបញ្ជាក់របស់អគ្គនាយករូបនេះ ច្រកនាំចេញពិសេសនេះ នឹងផ្តល់លទ្ធភាពឱ្យកម្ពុជា អាចនាំចេញផលិតផលកសិកម្មគ្រប់ប្រភេទ ទៅប្រទេសចិន បានកាន់តែងាយស្រួល និងលឿនជាងមុន តាមរយៈការពន្លឿនដល់ការការត្រួតពិនិត្យវិធានការកូវីដ១៩ ឬការត្រូតពិនិត្យផ្នែកបច្ចេកទេស ដើម្បីឱ្យកសិផលកម្ពុជា អាចចូលទៅដល់ទីផ្សារចិនបានលឿន មិនប្រឈមនឹងការខូចខាត។
ការចរចាបង្កើតច្រកនាំចេញពិសេសនេះ ធ្វើឡើងបន្ទាប់ពីការនាំចេញកសិផលរបស់កម្ពុជា ទៅប្រទេសចិនក្នុងឆ្នាំ២០២២នេះ ជួបបញ្ហាប្រឈមបន្ទាប់ពីប្រទេសនេះ បានដាក់ចេញគោលការណ៍សូន្យកូវីដ ដែលធ្វើឱ្យពិបាកក្នុងការនាំចេញផលិតផលកសិកម្ម ជាពិសេសស្វាយស្រស់ទាំងតាមផ្លូវគោក (ច្រកប្រទេសវៀតណាម) និងផ្លូវទឹកដែលធ្វើឱ្យស្វាយឆ្នាំនេះ ជួបបញ្ហាគ្មានទីផ្សារ និងធ្លាក់ថ្លៃ។
លោក ងិន ឆាយ បានឱ្យដឹងផងដែរថា កម្ពុជាក៏នឹងចរចាជាមួយភាគីចិន ដើម្បីបង្កើតការដឹកជញ្ជូនត្រង់ពីកម្ពុជាទៅចិន ដោយមិនឆ្លងកាត់ប្រទេសសិង្ហបុរី ឬវៀតណាមទៀតឡើយ។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចមួយទៀត យើងក៏ចាប់ផ្តើមបើកការចរចា ដឹកជញ្ជូនត្រង់ពីកំពង់ផែក្រុងព្រះសីហនុ ចូលទៅកំពង់ផែទាំងបីរបស់ចិនតែម្តង ដោយមិនចាំបាច់ឆ្លងទៅប្រទេសវៀតណាម ឬមួយក៏ឆ្លងទៅប្រទេសសិង្ហបុរីធ្វើការផ្ទេរទំនិញទេ ប៉ុន្តែហេតុផលត្រង់ថា ក្រុមហ៊ុនមួយចំនួនគាត់អាចធ្វើបាន ក៏ប៉ុន្តែកសិផលរបស់យើង វាមានមួយចំនួនតិច អីចឹងធ្វើឱ្យជើងកប៉ាល់របស់គាត់ មិនអាចមានរៀងរាល់ថ្ងៃ អាចថាក្នុងមួយសប្តាហ៍មានមួយជើង ជួនកាលអាចឈានដល់២សប្តាហ៍អី ទើបមានមួយជើង។ កត្តានេះក៏ធ្វើឱ្យមានផលលំបាកដែរ ព្រោះកសិផលយើងតែដល់ពេលប្រមូលផលអត់ចាំបានទេ ស្វាយពេលដល់ពេល ត្រូវតែប្រមូលផល ចេកដល់ពេលត្រូវតែប្រមូលផល នេះគឺជាចំណុចវិបាកនៅក្នុងអនុវិស័យដំណាំ។ ក៏ប៉ុន្តែយើងបានចរចាបន្ថែមហើយ សង្ឃឹមថា នឹងមានជើងដឹកជញ្ជូននេះ កាន់តែញឹកពីកម្ពុជាត្រង់ ទៅប្រទេសចិន»។
ទន្ទឹមគ្នានេះដែរ កម្ពុជាក៏កំពុងចរចាជាមួយប្រទេសកូរ៉េ ក្នុងការនាំចេញផ្លែស្វាយស្រស់ ដោយប្រទេសនេះ អាចនឹងមានលទ្ធភាពនាំចេញស្វាយពីកម្ពុជាប្រមាណ៥០ម៉ឺនតោនក្នុងមួយឆ្នាំ ដែលករណីនេះ នឹងជួយកាត់បន្ថយបញ្ហាគ្មានទីផ្សារនាពេលខាងមុខ។
បើតាមលោកអគ្គនាយក កម្ពុជាបាននាំចេញកសិផលប្រមាណ៣៥មុខផលិតផលស្រស់ និងកែច្នៃទៅប្រទេសចិន ហើយនាពេលខាងមុខនេះ នឹងបន្ថែមមួមទំនិញទៀត គឺផ្លែមៀនប៉ៃលិន៕