(បាងកក)៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Thanakorn Wangboonkongchana បានឱ្យដឹងនៅថ្ងៃសុក្រថា រដ្ឋាភិបាលថៃនឹងអនុញ្ញាតឱ្យជនបរទេសដែលមានទ្រព្យសម្បត្តិច្រើនកាន់កាប់ដីពេញលេញសម្រាប់ប្រើប្រាស់ជាលំនៅដ្ឋាន ដោយព្យាយាមជំរុញសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការទាក់ទាញអ្នកចំណាយប្រាក់ច្រើនមួយលាននាក់ពីក្រៅប្រទេស។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
ប្រទេសថៃជាយូរមកហើយគឺជាគោលដៅដ៏ពេញនិយមរបស់ជនបរទេសអស់រយៈជាច្រើនទសវត្សរ៍ សម្រាប់ការវិនិយោគ ការចូលនិវត្តន៍ និងសម្រាប់ការចាប់ផ្តើមអាជីវកម្មខ្នាតតូច ប៉ុន្តែកម្មសិទ្ធិដីធ្លីរបស់ជនបរទេសត្រូវបានរឹតត្បិត។
កាសែតបាងកប៉ុស្តិ័បានរាយការណ៍ដោយដកស្រង់សំដីលោក Thanakorn យោងតាមការយល់ព្រមពីគណៈរដ្ឋមន្ត្រី ជនបរទេសនឹងត្រូវបានអនុញ្ញាតឱ្យកាន់កាប់ដីធ្លីរហូតដល់ ១រ៉ៃ (០,១៦ហិកតា) ចាប់ពីខែកញ្ញាទៅបើសិនពួកគេវិនិយោគ ៤០លានបាតឡើងទៅនៅក្នុងអចលនទ្រព្យ មូលបត្រ ឬមូលនិធិរបស់ប្រទេសថៃក្នុងរយៈពេល ៣ឆ្នាំ។
រដ្ឋាភិបាលថៃមានបំណងទាក់ទាញកម្មករជំនាញ និងនិវត្តជនបន្ថែមទៀត ហើយសំណើនេះនឹងរួមបញ្ចូលអត្ថប្រយោជន៍ពន្ធមួយចំនួន និងទិដ្ឋាការរយៈពេល ១០ឆ្នាំ។
លោក Thanakorn បាននិយាយថា គម្រោងនេះនឹងត្រូវបានពិនិត្យឡើងវិញបន្ទាប់ពីប្រាំឆ្នាំ។ គោលបំណងរបស់កម្រោងនេះគឺដើម្បីបន្ថែមទឹកប្រាក់ចំនួន ១ទ្រីលានបាតទៅក្នុងសេដ្ឋកិច្ច និងជំរុញការវិនិយោគឱ្យមានចំនួន ៨០០ប៊ីលានបាត។
រដ្ឋាភិបាលថៃរំពឹងថា សេដ្ឋកិច្ចនឹងកើនឡើង ៣,៥% នៅឆ្នាំនេះ និងកើនឡើងដល់កម្រិតមុនពេលមានវិបត្តិកូវិដនៅឆ្នាំ២០២៣។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕