(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសុក្របានកត់ត្រាកំណើនសេដ្ឋកិច្ចទាបបំផុតរបស់ខ្លួនគិតចាប់តាំងពីការផ្ទុះឡើងកូវីដដំបូង ដោយកើនឡើងតែ ០,៤% នៅក្នុងត្រីមាសទី២ ឆ្នាំនេះ ដោយសារការបិទខ្ទប់ទីក្រុង និងការធ្លាក់ចុះទីផ្សារអចលនទ្រព្យដែលរុញច្រានគោលដៅរបស់រដ្ឋាភិបាលក្រុងប៉េកាំងឱ្យហួសពីលទ្ធភាពសម្រេចបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីក្រុងប៉េកាំងបានចាត់វិធានការយ៉ាងខ្លាំងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដតាមរយៈវិធានការកូវីដសូន្យរបស់ខ្លួន ខណៈដែលជំងឺនេះបានកើនឡើងវិញ ដោយបានបិទខ្ទប់ទីក្រុង និងការចត្តាឡីស័ករយៈពេលយូរ ប៉ុន្តែវិធាននេះបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម និងប៉ះពាល់ការចំណាយរបស់អ្នកប្រើប្រាស់។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP កំណើនសេដ្ឋកិច្ចទាបនេះបានកើតឡើងបន្ទាប់ពីទីក្រុងសៀងហៃដ៏ធំបំផុតរបស់ប្រទេសចិនត្រូវបានបិទខ្ទប់អស់រយៈពេលពីរខែ ខណៈដែលទីក្រុងបានប្រយុទ្ធប្រឆាំងនឹងការកើតឡើងវិញនៃមេរោគ ដែលធ្វើឱ្យប៉ះទង្គិចខ្សែចង្វាក់ផ្គត់ផ្គង់ និងបង្ខំឱ្យរោងចក្របញ្ឈប់ប្រតិបត្តិការ។
កត់សម្គាល់ពីការធ្លាក់ចុះតម្រូវការ និងការអក់ខានការផ្គត់ផ្គង់ លោក Fu Linghui អ្នកនាំពាក្យការិយាល័យស្ថិតិជាតិ (NBS) ចិន បាននិយាយនៅថ្ងៃសុក្រថា៖ «ក្នុងស្រុក ផលប៉ះពាល់នៃការរាតត្បាតកំពុងបន្តកើតមាន»។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Fu Linghui ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ «ហានិភ័យនៃការជាប់គាំង និងកំណើនអតិផរណានៅក្នុងសេដ្ឋកិច្ចពិភពលោកកំពុងកើនឡើង»។ លោកបានបន្ថែមថា ភាពមិនប្រាកដប្រជាខាងក្រៅកំពុងកើនឡើង។
បើធៀបនឹងត្រីមាសទី១ ឆ្នាំនេះ សេដ្ឋកិច្ចបានធ្លាក់ចុះ ២,៦ភាគរយ។ នេះបើយោងតាមតួលេខរបស់ការិយាល័យស្ថិតិ។
ប្រទេសចិនបានកត់ត្រាការធ្លាក់ចុះសេដ្ឋកិច្ចតែម្តងប៉ុណ្ណោះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ហើយអ្នកវិភាគរំពឹងថា តួលេខចុងក្រោយបំផុតនេះនឹងដកា់បន្ទុកដល់កំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលពេញមួយឆ្នាំ៕