(សិង្ហបុរី)៖ ការព្យាករកម្រិតខ្ពស់មួយដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) សិង្ហបុរីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានកើនឡើង ៤,៨ ភាគរយនៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែត Channel News Asia។
កំណើននេះមានកម្រិតខ្ពស់ជាងកំណើន ៤ភាគរយ ដែលសម្រេចបាននៅក្នុងត្រីមាស១ ឆ្នាំនេះ។ កាសែត Channel News Asia បានរាយការណ៍ថា បើធៀបនឹងត្រីមាសទី១ ឆ្នាំនេះវិញដែលត្រូវបានកែតម្រូវតាមរដូវកាល ផលិតផលក្នុងស្រុកសរុប (GDP) របស់សិង្ហបុរីមិនផ្លាស់ប្តូរទេនៅក្នុងត្រីមាសទីពីរនេះ បន្ទាប់ពីបានសម្រេចបានកំណើន ០,៩ភាគរយនៅក្នុងត្រីមាសទីមួយ។
ការប៉ាន់ប្រមាណផលិតផលក្នុងស្រុកសរុបសម្រាប់ត្រីមាសទីពីរ ឆ្នាំ២០២២នេះ ត្រូវបានគណនាដោយយកទិន្នន័យភាគច្រើនពីក្នុងខែមេសា និងឧសភា។ ក្រសួង MTI បានឱ្យដឹងថា ទិន្នន័យទាំងនេះស្ថិតនៅក្នុងដំណាកកាលដំបូងនៅឡើយទេ ហើយអាចនឹងកែប្រែនៅពេលដែលមានទិន្នន័យទំលូទូលាយជាងនេះ។
ការព្យាករពីផលិតផលក្នុងស្រុកសរុបបឋមសម្រាប់ត្រីមាសទីពីរឆ្នាំនេះនឹងត្រូវបានចេញផ្សាយដោយ ក្រសួង MTI នៅក្នុងខែសីហា។
ក្នុងចំណោមវិស័យផ្សេងៗ វិស័យផលិតកម្មបានពង្រីក ៨ភាគរយក្នុងត្រីមាសទីពីរ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលប្រហាក់ប្រហែលនឹងកំណើន ៧,៩ភាគរយនៅក្នុងត្រីមាសទី១។
កំណើនសេដ្ឋកិច្ចនៅត្រីមាសទី២នេះ ត្រូវបានគាំទ្រដោយការកើនឡើងទិន្នផលនៅក្នុងវិស័យទាំងអស់លើកលែងតែវិស័យផលិតកម្មជីវវេជ្ជសាស្ត្រ និងគីមី។
វិស័យវិស្វកម្មអេឡិចត្រូនិចបានបន្តកត់ត្រាកំណើនទិន្នផលដ៏រឹងមាំ ដែលជំរុញដោយតម្រូវការសកលនូវឧបករណ៍អេឡិចត្រូនិក និងឧបករណ៍ពាក់កណ្តាលចម្លង (semiconductor)។
វិស័យសំណង់បានកើនឡើង ៣,៨ ភាគរយក្នុងត្រីមាសទីពីរឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងកំណើន ១,៨ភាគរយដែលសម្រេចបាននៅក្នុងត្រីមាសទី១។ សកម្មភាពសំណង់បានកើនឡើងនៅក្នុងត្រីមាសទីពីរដែលគាំទ្រមួយផ្នែកដោយការបន្ធូរបន្ថយការរឹតបន្តឹងព្រំដែនលើលំហូរចូលរបស់ពលករចំណាកស្រុក។ នេះបើយោងតាមកាសែត Channel News Asia៕