(ភ្នំពេញ)៖ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជាង ៤១ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ ធ្លាក់ចុះពាក់កណ្តាល ក្នុងឆមាសទី១ឆ្នាំ២០២២នេះ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅមានចំនួន ៤១៥ ៥៨០.១៥តោន ថយចុះចំនួន ៥០.៦០% ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៤១៣ ៣៦៦.២២តោន ប្រទេសថៃចំនួន ២ ០៥០តោន ប្រទេសឥណ្ឌាចំនួនជាង ១៥០តោន ប្រទេសចិនចំនួន ជាង១៣តោន ប្រទេសជប៉ុនចំនួន ០.១៤តោន និងប្រទេសហ្វីលីពីនចំនួន ០.០៥តោន ។
ចំណែកការនាំចេញ គ្រាប់ស្វាយចន្ទីកែច្នៃមានចំនួន ៣០១.៤៣តោន ថយចុះចំនួន ៦៨.៣៩% ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១៣៦.៦៨តោន ប្រទេសថៃចំនួន ១៣៤តោន ប្រទេសជប៉ុនចំនួន ២០.៩៥តោន និងកោះតៃវ៉ាន់ចំនួន ៩.៨០តោន។
គោលនយោបាយស្វាយចន្ទីកម្ពុជាដែលរំពឹងថាជួយដោះស្រាយបានបញ្ហា ប្រឈមនានា ក្នុងវិស័យស្វាយចន្ទី ដូចជាការដាំដុះរបស់កសិករ និងទីផ្សារ ពេលនេះកំពុងបន្តការពិភាក្សា ត្រួតពិនិត្យដែលនឹងឈានដល់ការដាក់ឆ្លង ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលឆាប់ៗខាងមុខ។
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះរៀប ចំគោលនយោបាយស្វាយចន្ទីកម្ពុជា បានដឹកនាំក្រុមការងារចូលរួមកិច្ច ប្រជុំបច្ចេកទេសពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី នៅទីស្តីការគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពលោក លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងលោក នរ៉ាណាឬទ្ធិ អានន្ទដាយ៉ាត អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាសហប្រធាន។
លោក រាជ រ៉ា បានបញ្ជាល់ថា កិច្ចប្រជុំបានឯកភាព និងបញ្ចប់ការពិនិត្យទាំងស្រុង លើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងត្រៀមនីតិវិធីបន្តដាក់ចូលកិច្ចប្រជុំអន្តរក្រសួង មុនស្នើសុំដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាពេលខាងមុខនេះ៕