(ភ្នំពេញ)៖ អ្នកជំនាញវិភាគទីផ្សារមាស និងម្ចាស់ហាងមាសនៅរាជធានីភ្នំពេញ បានឱ្យដឹងថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិ និងនៅកម្ពុជា បានបន្តធ្លាក់ថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ខណៈសន្ទុះនៃការលក់មាសនៅតាមហាងមួយចំនួន បានកើនឡើងគួរឱ្យកត់សម្គាល់។

ម្ចាស់ហាងមាសពេជ្រ ទីមង្គល ស្ថិតក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ កក្កដានេះ ទីផ្សារហាងឆេងមាសនៅកម្ពុជា ពីមួយថ្ងៃទៅមួយប្រែប្រួលរហូត ខណៈតម្លៃមាននិន្នាការចុះជាបន្តបន្ទាប់ ជាពិសេសនៅរយៈពេល១សប្តាហ៍ចុងក្រោយនេះ។

លោកបន្តថា ការធ្លាក់ចុះនៃតម្លៃមាសនេះ បានធ្វើឱ្យកំណើននៃលក់ចេញកើនឡើងជាងមុន ពោលគឺប្រមាណពី៦០ ទៅ៧០% បើធៀបនៃកាលពី ២សប្តាហ៍មុន។ តែយ៉ាងណាលោកសង្កេតឃើញថា អតិថិជនមួយចំនួនក៏នៅរង់ចាំស្ទាបស្ទង់ទីផ្សារសិន ទើបសម្រេចទិញ។

បើតាមម្ចាស់ហាងមាសរូបនេះ សម្រាប់តម្លៃមាសនៅថ្ងៃទី១៣ ខែកក្កដានេះ មាសមួយជីថ្លៃ ២១១ដុល្លារ ឬ ២១១០ដុល្លារក្នុងមួយដំឡឹង បើធៀបនឹងកាលពីថ្ងៃទី១២ ខែកក្កដាម្សិលមិញ ធ្លាក់ចុះ២ដុល្លារក្នុងមួយជី និងធ្លាក់ចុះប្រមាណ១០ដុល្លារក្នុងមួយជី បើធៀបនឹងតម្លៃមាសកាលពីកន្លះខែមុន។

ម្ចាស់ហាងមាសពេជ្រ ទីមង្គល លើកឡើងបន្ថែមថា «បើទិញចូលមិនសូវជាមានទេ មានប្រមាណ១០%ប៉ុណ្ណោះ ប៉ុន្តែបើការលក់ចេញវិញមានច្រើន គ្រាន់តែវាមិនច្រើនណាស់ណាទេ។ ភ្ញៀវភាគច្រើនរង់ចាំមើលបន្តិចសិន បានគាត់សម្រេចចិត្តទិញ។ បើនិយាយទៅ ភ្ញៀវ គឺគាត់មានលុយសន្សំទុក ចាំតែមាសចុះទេ។ [...] ការលក់បច្ចុប្បន្នកើនចូលពី ៦០% ទៅ ៧០% បើធៀបនឹងពេលធម្មតា»

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកក្កដានេអថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិ មាននិន្នាការថយចុះ ចាប់តាំងពីដើមដើមឆ្នាំ២០២២មក និងចាប់ផ្តើមធ្លាក់ចុះខ្លាំងនៅអំឡុងចុងខែមិថុនា និងដើមខែកក្កដានេះ ដោយសារតែប្រាក់ដុល្លារអាមេរិកឡើងថ្លៃ ក្រោយពីធនាគារកណ្តាលរបស់អាមេរិក ដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដើម្បីទប់ទល់នឹងការកើនឡើងអតិផរណា ដែលបណ្តាលឱ្យតម្លៃមាសធ្លាក់ចុះ។ ពោល គឺមិនមែនបណ្តាលមកពីពាក្យចរចាមអារាមដែលថា មាសធ្លាក់ថ្លៃ ដោយការបញ្ចេញមាសរបស់រុស្ស៊ី មកក្នុងទីផ្សារនោះទេ។

លោកបានពន្យល់យ៉ាងដូចច្នេះថា «មូលហេតុដោយសារដុល្លារឡើងថ្លៃ ធ្វើឱ្យមាសធ្លាក់ថ្លៃ ដោយសារគេគិតមាសជាគោល ហើយដុល្លារជាប្រឈម ហើយក្នុងការទូទាត់ក្នុងការជួញដូរ ឬការវិនិយោគធំនៅលើអន្តរជាតិ ភាគច្រើន គឺទូទាត់ជាលុយដុល្លារហេតុនេះ ស្របពេលដែលដុល្លារថ្លៃ យើងទូទាត់ជាមួយមាស ព្រោះជាធម្មតាមាសវាផ្គូផ្គងនឹងរូបិយប័ណ្ណដុល្លារសហរដ្ឋអាមេរិក។ អីចឹងបើដុល្លារថ្លៃ វាធ្វើឱ្យតម្លៃ មាសស្វ័យប្រវត្តិ គឺចុះថ្លៃតែម្តង លុះត្រាតែមានព័ត៌មានណាមួយ ដែលធ្វើឱ្យឡើងថ្លៃ តែក្នុងមួយរយៈពេលនេះ អត់មានព័ត៌មានណាមួយ ដែលរុញច្រានឱ្យមាសឡើងថ្លៃបានទេ ទោះបីក្នុងការជួញដូរផ្សេងៗ ក្នុងលក្ខណៈធំៗគិតជាតោនរាល់ដង ក៏កាត់បន្ថយការបញ្ជាទិញដែរ អីចឹងហើយធ្វើឱ្យតម្លៃមានការធ្លាក់ខ្លាំងតែម្តង។ មូលហេតុធំ គឺដោយសារតែដុល្លារតែម្តង»

អ្នកជំនាញរូបនេះបានឱ្យដឹងថា នៅថ្ងៃនេះ [១៣ ខែកក្កដា] តម្លៃមាសនៅលើទីផ្សារអន្តរជាតិមានតម្លៃ ១៧២៥ ដុល្លារក្នុងមួយអោន ឬស្មើនឹង ២០៧៨ដុល្លារ ក្នុងមួយដំឡឹង ដែលតម្លៃនេះ គឺប្រហាក់ប្រហែលនឹងថ្ងៃទី១២ ខែកក្កដាម្សិលមិញ។

ខណៈតម្លៃមាសធ្លាក់ចុះជាបន្តបន្ទាប់នេះ លោកគូសបញ្ជាក់ថា សម្រាប់អ្នកដែលធ្លាប់ទិញមាសទុក កាលពីអំឡុងមាសតម្លៃ ២៣០០ដុល្លារទៅ ២៤០០ដុល្លារក្នុងមួយតំឡឹង ពួកគាត់នឹងរងការខាតបង់ ប្រសិនបើគាត់យកទៅលក់ក្នុងអំឡុងពេលនេះ។ ចំណែកម្ចាស់ហាងទិញលក់មាសវិញ ក្នុងអំឡុងពេលនេះ ប្រសិនបើគាត់បន្តបញ្ជាទិញក្នុងចំនួនច្រើន អាចរងការខាតបង់ដូចគ្នា ប្រសិនតម្លៃមាសនៅតែបន្តធ្លាក់ចុះបែបនេះ។

ឆ្លើយតបនឹងសំណួរដែលថាតើ ក្នុងពេលដែលតម្លៃមាសបន្តធ្លាក់ចុះនេះ គួរទិញមាសទុក សម្រាប់លក់ចំណេញឬយ៉ាងណា? អ្នកជំនាញរូបនេះ បានបញ្ជាក់ថា គួរទិញទុក ឬយ៉ាងណាជាការសម្រេចចិត្តរបស់អ្នកទិញ ប៉ុន្តែតាមដានទីផ្សារមាសរបស់លោក អ្នកទិញគួរតែ រង់ចាំដល់មាសចុះជាងនេះទៀតសិន ព្រោះតម្លៃមាសនៅកម្ពុជា អាចធ្លាក់ដល់ក្រោម ២ពាន់ដុល្លារក្នុងមួយដំឡឹង។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជាការមើលឃើញរបស់ខ្ញុំតម្លៃមាស នៅតែបន្តធ្លាក់បន្តិចទៀត បើសិនជានៅក្នុងតម្លៃហាងឆេងអន្តរជាតិ មាសនៅតម្លៃមួយអោន ១៧២៥ដុល្លារ អីចឹងវានឹងធ្លាក់ទៅ១៧០០ដុល្លារ ឬក៏អាចទៅដល់១៦៨០ដុល្លារ អីចឹងតម្លៃមាសនៅក្នុងទីផ្សារបច្ចុប្បន្នរបស់យើង គិតជាដំឡឹងប្រហែលជាធ្លាក់ នៅក្នុងចន្លោះជាង១៨០០ ទៅ២០០០ដុល្លារ។ ហេតុនេះបើអ្នកចង់ទិញចាំទិញនៅតម្លៃជាង ១៨០០ដុល្លារក្នុងមួយដំឡឹងវិញ ឬក៏អ្នកដែលមានដើមទុនច្រើនទិញពីឥឡូវ ហើយចាំលក់នៅចុងឆ្នាំ ព្រោះតាមមើលលំហូរនៃការផ្គត់ផ្គង់ និងតម្រូវការលើទីផ្សារមាស ខ្ញុំគិតថានៅខែកញ្ញា ឬខែតុលា គឺអាចឡើងទៅវិញហើយ»