(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញពីស្ថានភាពកាន់តែល្អប្រសើរនៃវិស័យមូលបត្រ ដោយលោកលើកឡើងថា នៅឆមាសទី១ ឆ្នាំ២០២២ ទំហំជួញដូរមូលបត្រលើផ្សារហ៊ុន មានការកើនឡើងដល់៨០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក ហុង សុហួរ លើកឡើងថា «ឆមាសទី១ ឆ្នាំ២០២២នេះ សកម្មភាពជួញដូរ និងសកម្មភាពទីផ្សារមានការកើនឡើងខ្លាំងបើធៀបនឹងឆ្នាំមុនៗ ទំហំជួញដូរលើផ្សារហ៊ុនកើនដល់៨០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ ការកើនឡើងនេះ ដោយសារវិនិយោគិន មានសកម្មភាពខ្លាំងក្លាលើការវិនិយោគ, សកម្មភាពនៃការបញ្ជាទិញលក់មានច្រើនជាងមុន ចំណែកចំនួនបញ្ជាទិញលក់ប្រចាំថ្ងៃក៏កើនច្រើនជាងមុន»។
លោកបញ្ជាក់ថា កត្តាមួយទៀត ដោយសារតែអ្នកវិនិយោគ យល់ដឹងពីផលចំណេញ ទទួលបានពីការវិនិយោគលើទីផ្សារមូលបត្រកម្ពុជា ដូច្នេះពួកគាត់ចាប់ផ្ដើមប្ដូរពីការវិនិយោគលើវិស័យដីធ្លីជាដើម មកវិនិយោគលើវិស័យមូលបត្រ ព្រោះថា ទីផ្សារមូលបត្ររីកចម្រើនល្អប្រសើរ នោះនឹងក្លាយជាប្រភពចណូលថ្មីមួយ សម្រាប់វិនិយោគិន។ បច្ចុប្បន្នការចាប់អារម្មណ៍លើទីផ្សារមូលបត្រ ពីសាធារណជនកើនឡើងជាលំដាប់ ធ្វើឲ្យការបើកគណនីជួញដូរប្រចាំខែក៏កើនឡើងដូចគ្នា។
លោក ហុង សុហួរ បានបន្ដថា ជាការល្អប្រសើរលើទំហំជួញដូរមូលបត្រលើផ្សារហ៊ុន ប៉ុន្ដែបែរជាយឺតយ៉ាវ ចំពោះការនាំក្រុមហ៊ុនមកចុះបញ្ជីទៅវិញ ជាក់ស្ដែងបច្ចុប្បន្នមានក្រុមហ៊ុនតែ១ប៉ុណ្ណោះ មកចុះបញ្ជីជាមួយផ្សារមូលបត្រ ខណៈដើមឆ្នាំយើងរំពឹងថា មានក្រុមហ៊ុន៨ មកចុះបញ្ជី ចំពោះការយឺតយ៉ាវមួយនេះ ផ្សារមូលបត្រនឹងបន្ដប្រឹងប្រែង ក្នុងការកៀងគរក្រុមហ៊ុនមកចុះបញ្ជី។
សូមជម្រាបថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន១៦ ក្នុងនោះក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង៧ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ហើយក្រុមហ៊ុនទាំងនេះ បានកៀរគរទុនពីទីផ្សារមូលបត្រប្រមាណ ២៨១លានដុល្លារ ។ ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា មានសកម្មភាពជួញដូរច្រើនគេ៕