(ភ្នំពេញ)៖ រយៈពេល៦ខែ ឆ្នាំ២០២២ កម្ពុជានាំចេញទៅអាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៤,៦៤៨លានដុល្លារ កើនឡើងចំនួន៥៤.០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន៣,០១៩លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ចំពោះការនាំចូលពីអាមេរិកមកកម្ពុជាវិញ មានទឹកប្រាក់ចំនួន១៦៨លានដុល្លារ កើនឡើងចំនួន៨.៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានទឹកប្រាក់១៥៤លានដុល្លារ។
មុខទំនិញដែលកម្ពុជា នាំចេញភាគច្រើនមានដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកមុខទំនិញ សំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញ មានដូចជា៖ រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។
ចំពោះការកើនឡើងនៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនេះ បញ្ជាក់ពីភាពល្អប្រសើររវាងកម្ពុជា និងសហរដ្ឋអាមរិក ក្នុងការដោះដូរទំនិញរវាងគ្នានិងគ្នា។ អាមេរិក គឺជាទីផ្សារនាំចេញលេខមួយ និងជាទីផ្សារសំខាន់សម្រាប់ប្រទេសកម្ពុជា។
ប្រទេសដែលកម្ពុជានាំចេញច្រើន បន្ទាប់ពីសហរដ្ឋអាមេរិកមាន គឺប្រទេសវៀតណាម មានចំនួន ១,១៧៤លានដុល្លារ, ប្រទេសកាលណាដា មានចំនួន៥៦៩លានដុល្លារ, ប្រទេសចិន មានចំនួន៦១១លានដុល្លារ, ប្រទេសជប៉ុន មានចំនួន៥៤១លានដុល្លារ និងប្រទេសថៃ មានចំនួន ៤៩៥លានដុល្លារ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានការកើនឡើងខ្លាំង នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកត្ដាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានគ្រប់គ្រងជោគជ័យលើបញ្ហាកូវីដ ធ្វើឲ្យខ្សែចង្វាក់ផលិតកម្មរោងចក្រ អត់មានការរាំងស្ទះ។
ឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា «ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងរហូត ជាពិសេសការកើនឡើងខ្លាំង នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកត្ដាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានគ្រប់គ្រង និងជោគជ័យលើបញ្ហាកូវីដ ដែលបើកដំណើរការទីផ្សារឡើងវិញ ធ្វើឲ្យខ្សែចង្វាក់ផលិតកម្មរោងចក្រ ដែលវិនិយោគក្នុងប្រទេសកម្ពុជា អត់មានរាំងស្ទះ»។
ឧកញ៉ា លឹម ហេង បានឲ្យដឹងទៀតថា កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា-ចិន កំពុងតែដំណើរការ ដែលធ្វើឲ្យលំហូរនៃវត្ថុធាតុដើម និងឧបករណ៍សម្ភារៈផ្សេងៗ ដែលកម្ពុជាកំពុងតែត្រូវការអភិវឌ្ឍប្រទេសជាតិ កាន់តែសម្បូរ និងកែច្នៃនាំចេញទៅកាន់អាមេរិក ក្រោមបន្ទាត់ភាពអនុគ្រោះពន្ធ GSP។
ឧកញ៉ាបន្តថា ទន្ទឹមពេលដែលបណ្ដាប្រទេសមួយចំនួន ជួបបញ្ហាកូវីដ និងវិបត្ដិនយោបាយផងនោះ ធ្វើឲ្យខ្សែចង្វាក់រាំងស្ទះ ធ្វើឲ្យការបញ្ជាទិញពីផ្សារមកពីបណ្ដាប្រទេសទាំងអស់នោះ ងាកមកកាន់កម្ពុជា ដែលធ្វើឲ្យរោងចក្រមួយចំនួន ក៏មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីនាំទៅអាមេរិក។
ជាមួយគ្នានេះ លោកជឿជាក់ថា នឹងមានក្រុមហ៊ុនពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងៗ នឹងមកវិនិយោគកម្ពុជា ទន្ទឹមពេលដែលកម្ពុជា កំពុងអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា-ចិន ដែលមានភាពរួចពន្ធ ទៅកាន់ប្រទេសចិន។
គូសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានកំណើនគួរឲ្យកត់សម្គាល់៖
* ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់២,៣៦៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញបាន២,១៣៦លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូល មកកម្ពុជាវិញ មានតែ២២៨លានដុល្លារប៉ុណ្ណោះ។
* ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក ហាក់ថមថយបន្តិច មានទឹកប្រាក់២,៣២០លានដុល្លារ ប៉ុន្តែការនាំចេញរបស់កម្ពុជាទៅអាមេរិក នៅតែបន្តកើនឡើង ដោយនាំចេញបាន២,១៤៧លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតែ១៧៣លានដុល្លារប៉ុណ្ណោះ។
* ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់២,៦០៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន២,៤០៨លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែ១៩៦លានដុល្លារប៉ុណ្ណោះ។
* ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់៣,៤៣៨លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៣,០៥១លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែ៣៨៦លានដុល្លារប៉ុណ្ណោះ។
* ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង៤,៧១៣លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៤,៤០២លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែជាង៣១១លានដុល្លារប៉ុណ្ណោះ។
* ឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង៥,៥០៩លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៥,២៥៨លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែជាង២៥០លានដុល្លារប៉ុណ្ណោះ។
* ឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង៧,៨២៦លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៧,៤៩០លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែជាង៣៣៦លានដុល្លារប៉ុណ្ណោះ៕