(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកក្កដា។
សេចក្ដីជូនដំណឹង បានបញ្ជាក់ថា អនុលោមតាមប្រកាស ស្តីពីការប្រមូលពន្ធលើដីធ្លី មិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួន នៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។
ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឲ្យមានបាតុភាពអសកម្មដោយប្រការណាមួយ។
អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ឬតាមរយៈកម្មវិធី «GDT Taxpayer App» ដែលអាចទាញយកបានពី App Store ឬ Play Store។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំពោះការខកខាន មិនបានដាក់លិខិតប្រកាសបង់ពន្ធ ទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ៖