(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានថ្លែងថា គម្រោងសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី កំពុងជួបឧបសគ្គ ក្នុងការសាងសង់ដោយសារគោលនយោបាយសូន្យកូវីដ១៩ របស់រដ្ឋាភិបាលចិន ខណៈមកទល់បច្ចុប្បន្ននេះដំណើរការសាងសង់បានជិត៣៤% នៃផែនការសរុប។
លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ មិថុនានេះថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២នេះ ការសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី សម្រេចបាន ៣៣.៨៥% ហើយ និងរំពឹងទុកថានៅខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ វឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះនេះ នឹងឈានទៅដល់៥០%។
តែទោះជាការយ៉ាងក្តីនេះ មានការបារម្ភថា ការសាងសង់ព្រលានយន្តហោះនេះ អាចនឹងយឺតជាងផែនការដោយសារតែ គោលនយោបាយសូន្យកូវីដរបស់ចិន ដែលបង្កជាឧបសគ្គដល់ការផ្គត់ផ្គង់សម្ភារបរិក្ខាសាងសង់ តម្លៃដឹកជញ្ជូនឡើងខ្ពស់ និងការឡើងថ្លៃនៃសម្ភារៈមួយចំនួន។
លោកបន្តថា ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ នៃគណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់ការងារអាកាសយាន្តដ្ឋាន អន្ដរជាតិសៀមរាប-អង្គរ និងការត្រួតពិនិត្យការដ្ឋានសាងសង់អាកាសយាន្តដ្ឋាន ដែលរៀបចំឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនសាងសង់បានប្តេជ្ញាថា នឹងព្យាយាមពន្លឿនការសាងសង់ ឱ្យរួចរាល់តាមផែនការ បើទោះបីជាជួបឧសគ្គបែបនេះក្តី។
លោកបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «យើងដឹងហើយថា គោលនយោបាយសេរ៉ូកូវីដរបស់ចិន ធ្វើ ឱ្យក្រុមហ៊ុនចិនមួយៗ ពិបាកក្នុងការធ្វើដំណើរចេញចូល, ទី២ការដឹកជញ្ជូនទំនិញ បរិក្ខារ សម្ភារៈដែលផលិតនៅទីក្រុងធំៗ ដូចជាសៀងហៃ ស៊ិនជិន ដែលប៉ុន្មានខែមុនមានការបិទខ្ទប់ អីចឹងសម្ភារបរិក្ខារមួយចំនួន ដែលផលិតនៅទីនោះត្រូវបានគាំង មិនអាចដឹកជញ្ជូនមកបាន ត្រូវមានបញ្ហាដល់ការអនុវត្តគម្រោងការ។ ទី៣. ការទៅលេងស្រុករបស់បុគ្គលិក កម្មករ កាលពីចូលឆ្នាំប្រមាណពី១អាទិត្យទៅកន្លះខែ ក៏ធ្វើឱ្យមានការប៉ះពាល់ ដល់ការអនុវត្តគម្រោងការ។ ហេតុនេះការគម្រោងទុក របស់ក្រុមហ៊ុនចិនថា គម្រោងនេះនឹងមានសម្ពាធ ដើម្បីឱ្យបញ្ចប់តាមផែនការ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏គាត់ខិតខំបង្កើនល្បឿន យ៉ាងណាឱ្យចប់ទៅតាមផែនការ»។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ៣ឆ្នាំ និងគ្រោងចំណាយទុនវិនិយោគប្រមាណ ៨០០លានដុល្លារអាមេរិក។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣៕