(ភ្នំពេញ)៖ លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង អំពាវនាវឲ្យម្ចាស់សហគ្រាស និងធុរកិច្ចបង្កើតថ្មីដែលមានផលិតផល និងសេវាកម្ម អាចយកនៅការដាក់តាំងផ្សព្វផ្សាយផលិតផល និងសេវាកម្មតាមរយៈថ្នាល The China-ASEAN Mercantile Exchange (CAMEX) ដែលជាថ្នាលធុរកិច្ច ត្រូវបានបង្កើតឡើង ដើម្បីបង្កើនការដោះដូរ និងសម្រួលពាណិជ្ជកម្មតាមរយៈអនឡាញ និងផ្ទាល់រវាងសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសនៅក្នុងតំបន់អាស៊ាន។
បើតាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ថ្នាល CAMEX នឹងផ្តល់ជូននូវការដាក់តាំងផលិតផល និងសេវាកម្មចំនួន០២ឆ្នាំ ដោយឥតគិតថ្លៃនៅក្នុងកម្មវិធី The China-ASEAN Expo (CAEXPO)។ CAEXPO គឺជាព្រឹត្តិការណ៍ពិព័រណ៍ធុរកិច្ច ដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម របស់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ជាមួយនឹងថ្នាក់ដឹកនាំ នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងកិច្ចប្រជុំកំពូលនាខែតុលា ឆ្នាំ២០០៣ ។
ចំពោះម្ចាស់សហគ្រាស ដែលមានចំណាប់អារម្មណ៍ អាចស្វែងរកព័ត៌មានបន្ថែមនៅក្នុងគេហទំព័រ http://www.csilp.com/ ឬទំនាក់ទំនងផ្ទាល់ទៅកាន់ លោក Simon Liao តាមរយៈទូរស័ព្ទលេខ 088 266 6318 និងអ៊ីមែល [email protected]៕