(បាងកក)៖ ប្រភពពីក្រសួងហិរញ្ញវត្ថុថៃដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ក្រសួងរំពឹងថា តម្លៃប្រាក់បាតនឹងឡើងថ្លៃវិញនៅឆមាសទីពីរឆ្នាំនេះ ស្របតាមមានការរំពឹងទុកថានឹងមានការធ្លាក់ចុះឱនភាពគណនីចរន្ត។
មន្ត្រីធនាគារកណ្តាលថៃបានឱ្យដឹងនៅចុងសប្តាហ៍មុនថា ធនាគារនឹងអនុញ្ញាតឱ្យប្រាក់បាតឡើងចុះថ្លៃស្របតាមតម្លៃទីផ្សារ ប៉ុន្តែធនាគារនេះនឹងគ្រប់គ្រងតម្លៃរូបិយប័ណ្ណនេះបើមានការការប្រែប្រួលតម្លៃខ្លាំងពេក។
ប្រភពក្រសួងបានឱ្យដឹងថា ឱនភាពគណនីចរន្តត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងនៅក្នុងត្រីមាសទី៣ និងទី៤ នៅពេលដែលភ្ញៀវទេសចរបរទេសកាន់តែច្រើនវិលត្រឡប់ទៅប្រទេសថៃវិញ។
ការមកដល់របស់ភ្ញៀវទេសចរបរទេសក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំនេះមានចំនួន ១,៩៨លាននាក់ ខណៈដែលក្រសួងទេសចរណ៍ និងកីឡាថៃ ព្យាករថានឹងមានភ្ញៀវ ៩លាននាក់នៅឆ្នាំនេះ។ សេដ្ឋកិច្ចងើបឡើងវិញនៃសេដ្ឋកិច្ច ដែលគាំទ្រដោយការនាំចេញដ៏រឹងមាំក៏គួរតែជួយគាំទ្រដល់តម្លៃប្រាក់បាតផងដែរ។ លើសពីនេះ យោងតាមអ្នកវិភាគមួយចំនួនបានឱ្យដឹងថា ធនាគារកណ្តាលថៃទំនងជានឹងដំឡើងអត្រាគោលនយោបាយក្នុងខែសីហា។
ប្រភពដដែលនេះបានឱ្យដឹងទៀតថាកត្តាទាំងអស់នេះបង្ហាញថា តម្លៃប្រាក់បាតជាមធ្យមពេញមួយឆ្នាំនឹងមិនធ្លាក់ចុះខ្លាំងទេ។
គិតត្រឹមខែឧសភា ប្រទេសថៃមានឱនភាពគណនីចរន្តចំនួន ៣,៧១ប៊ីលានដុល្លារអាមេរិក ដែលមានទំហំធំជាង ៣,០៥ប៊ីលានដុល្លារក្នុងខែមេសា ដោយសាររយៈពេលពីរខែនេះគឺជាអំឡុងពេលដែលក្រុមហ៊ុនបរទេសដែលមានមូលដ្ឋាននៅប្រទេសថៃបញ្ជូនប្រាក់ចំណេញ និងភាគលាភត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ តម្លៃប្រាក់បាតជាមធ្យមក្នុងឆ្នាំនេះមាន ៣៣,១បាតក្នុងមួយដុល្លារ ដែលស្ថិតក្នុងចន្លោះ ៣២,១ ទៅ ៣៤,១បាត។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រាក់បាតបានធ្លាក់ចុះមកនៅត្រឹម ៣៦,៣៥បាទក្នុងមួយដុល្លារ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជិត ៧ឆ្នាំ៕