(សៀងហៃ)៖ ប្រទេសចិននៅសប្តាហ៍នេះបានចេញច្បាប់ថ្មីដែលតឹងរ៉ឹងជាងមុន ដើម្បីគ្រប់គ្រងឧស្សាហកម្មប័ណ្ណឥណទានដែលមានទំហំទីផ្សារ ១,៣ទ្រីលានលានដុល្លាររបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដោយជំរុញធនាគាឱ្យអនុវត្តយុទ្ធសាស្រ្តកំណើន “ដ៏ប្រុងប្រយ័ត្ន” និងតាមដានហានិភ័យឱ្យកាន់តែដិតដល់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ច្បាប់ថ្មីនេះដែលចេញផ្សាយរួមគ្នាដោយធនាគារកណ្តាល និងនិយ័តករធនាគាររបស់ប្រទេសចិនថា ធនាគារក៏ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ចំនួនប័ណ្ណដែលពួកគេបានចេញ ឬចំណែកទីផ្សាររបស់ខ្លួនសម្រាប់ធ្វើជារង្វាស់ប្រតិបត្តិការសំខាន់ៗឡើយ ហើយតម្រូវឱ្យកំណត់ចំនួនសន្លឹកប័ណ្ណដែលអសកម្មមកនៅត្រឹម ២០ភាគរយនៃចំនួនប័ណ្ណសរុប។

គណៈកម្មាធិការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនថា៖ «អាជីវកម្មប័ណ្ណឥណទានរបស់ប្រទេសចិនបានកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលដល់ការទូទាត់ និងការប្រើប្រាស់»។

និយតករនេះបានបន្ថែមថា៖ «ថ្មីៗនេះ ធនាគារមួយចំនួនមានភាពធូររលុងក្នុងការគ្រប់គ្រងហានិភ័យ ហើយបានប្រព្រឹត្តតាមរបៀបដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន»។

យោងតាមធនាគារកណ្តាលចិនបានឱ្យដឹងថា ធនាគារនៅប្រទេសចិនបានចេញប័ណ្ណឥណទានសរុបចំនួន ៨០០លានប័ណ្ណគិតត្រឹមដំណាច់ឆ្នាំ២០២១ ជាមួយនឹងប្រាក់កម្ចីដែលមិនទាន់ទូទាត់សរុបមានចំនួន ៨,៦២ទ្រីលានយន់ (១,២៩ទ្រីលានដុល្លារ)។ ប្រហែល ៨៦ប៊ីយ័ននៃប្រាក់កម្ចីតាមរយៈប័ណ្ណឥណទាន ឬស្មើនឹង ១ ភាគរយនៃទឹកប្រាក់កម្ចីសរុបដែលមិនទាន់សង គឺហួសពេលកំណត់សងរយៈពេលប្រាំមួយខែឬយូរជាងនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា ច្បាប់ថ្មីនេះតម្រូវឱ្យធនាគាររឹតបន្តឹងការត្រួតពិនិត្យលើកម្ចីតាមប័ណ្ណឥណទាន និងពង្រឹងការគ្រប់គ្រងហានិភ័យ ហើយក៏ត្រូវតែរៀបចំប្រព័ន្ធរឹងមាំមួយដើម្បីត្រួតពិនិត្យ កំណត់អត្តសញ្ញាណ ជូនដំណឹង និងទប់ស្កាត់ការរំលោភបំពាននៅក្នុងអាជីវកម្មប័ណ្ណឥណទានផងដែរ៕