(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា ជំរុញឱ្យមានការផលិតផលិតផលកែច្នៃចេញពីអង្ករ ដូចជា គុយទាវ មីសួរ នំបញ្ចុកក្រៀម សំបកណែម នំស្រួយជាដើម ដើម្បីទទួលបានតម្លៃបន្ថែម និងសម្រាប់នាំចេញបន្ថែមពីលើអង្ករ។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា ចាប់ពីដើមឆ្នាំ២០២២មក សមាជិករបស់សហព័ន្ធស្រូវអង្ករ បាននិងកំពុងរៀបចំ កែច្នៃផលិតផលផ្សេងៗទៀត ក្រៅពីស្រូវ អង្ករ ដូចជា គុយទាវ មីសួរ នំបញ្ចុកក្រៀម សំបកណែម និងនំស្រួយ សម្រាប់ការនាំចេញ ជាពិសេសទៅកាន់កាន់ទីផ្សារប្រទេសចិន ដោយសារតែផលិតផលដែលកែច្នៃចេញអង្ករ គឺ ស្ថិតក្នុងបញ្ជីនៃទំនិញ ដែលនាំចេញដោយគ្មានការជាប់ពន្ធ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមានកាលពីដើមឆ្នាំ ស្របពេលអង្ករមិនស្ថិតក្នុងទំនិញនាំចេញ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងទាំងពីរនេះទេ។

លោកបន្ថែមថា ផលិតផលទាំងនេះត្រូវបានផលិតប្រកបដោយបទដ្ឋានស្តង់ដារ ដែលសមស្របតម្រូវការទីផ្សារ ជាពិសេស ប្រទេសចិន និងអឺរ៉ុប។

លោកថា «សម្រាប់សមាជិករបស់យើង យើងមិនអាចនៅតែអង្កររហូតទេ ព្រោះយើងត្រូវតែចាប់ផ្តើមគិតលើការកែច្នៃ ដែលចេញពីវត្ថុធាតុដើមអង្ករ ហើយមានតម្លៃបន្ថែម ដើម្បីអាចនាំចេញទៅទីផ្សារ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួចហើយ ដូច្នេះ ផលិផលដែលកែច្នៃចេញពីវត្ថុធាតុដើម អង្ករ ឬ ស្រូវ នឹងមានអត្ថប្រយោជន៍ និងមានតម្លៃកាន់តែខ្ពស់ ស្របពេលដែលគោលនយោបាយ របស់រាជរដ្ឋាភិបាលលើកទឹកចិត្ត លើចំណុចនេះ»

លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុនអេមរុរ៉ាយស៍ (AMRU RICE) ដែលជាក្រុមហ៊ុនផលិត និងកែច្នៃផលិតផលចេញពីអង្ករ ដូចជានំបញ្ចុកក្រៀម សំបកណែមជាដើម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែកក្កដានេះថា បច្ចុប្បន្ននេះ ក្រុមហ៊ុន អេមរុរ៉ាយ បានផលិត និងកែច្នៃផលិតផលចេញពីអង្ករ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅអឺរ៉ុប និងមួយចំនួនទៀតទៅប្រទេសឌូប៉ៃ។

លោកគាំទ្រឱ្យសហគ្រិនក្នុងស្រុក បង្កើនការកែច្នៃអង្ករទៅជាផលិតផលផ្សេងៗ ដើម្បីបង្កើនតម្លៃបន្ថែម ដែលជាចូលរួមចំណែកធ្វើឱ្យវិស័យស្រូវអង្ករ កាន់តែរីកចម្រើន ក៏ដូចជាជំរុញឱ្យវិស័យកសិកម្មនៅកម្ពុជាកាន់តែឈានមុខ និងប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ជាមួយគ្នានេះ កម្ពុជា មិនចាំបាច់លក់អង្ករបាក់ ឬវត្ថុធាតុដើមទៅឱ្យប្រទេសជិតខាងនោះទេ។

លោកលើកឡើងបន្ថែមថា «យើងចង់ឱ្យវិស័យនេះ ប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ទាល់តែយើងធ្វើម៉េចប្រើប្រាស់វត្ថុធាតុដើម ឱ្យអស់លទ្ធភាព។ បើយើងនិយាយពីអង្ករ ដើម្បីបានអង្ករល្អមួយតោន ត្រូវការស្រូវ៣តោន អីចឹងក្នុងការកែច្នៃមាន កន្ទក់ មានអង្កាម មានចុងអង្ករ មានអង្ករបាក់ ឱ្យមានការប្រកួតប្រជែង ទាល់តែយើងយកអង្ករបាក់ទៅធ្វើនំបញ្ចុក ក្រដាសអង្ករ (Rice paper) មី គុយទាវ។ និងវត្ថុធាតុខ្លះទៀតកែច្នៃទៅធ្វើចំណីសត្វអីទៅ អ៊ីចឹងវិស័យចិញ្ចឹមត្រីក៏ដើរ ចិញ្ចឹមជ្រូកក៏ដើរ។ [...] យើងលើកទឹកចិត្តឱ្យយុវជន និងអ្នកមាននៅក្នុងស្រុក កុំផ្តោតតែលើវិស័យអចលនទ្រព្យពេក ព្រោះកសិកម្ម គឺជាឆ្អឹងសេដ្ឋកិច្ចជាតិ»។

បើតាមអគ្គនាយករងក្រុមហ៊ុន អេមរុរ៉ាយស៍ កាលពីឆ្នាំ២០២១ ក្រុមហ៊ុននេះ បាននាំចេញផលិតផលកែច្នៃពីអង្ករ ទៅអឺរ៉ុប និង ប្រទេសឌូប៉ៃ មានចំនួនប្រមាណជិត៤០តោន និង៦ខែដើមឆ្នាំ២០២២នេះ នាំបានប្រមាណ៣០តោន។ លោករំពឹងរយៈពេល៦ខែទៀត រហូតដល់ដំណាច់ឆ្នាំនេះ នឹងអាចនឹងនាំចេញបានប្រមាណ៣០តោនបន្ថែមទៀត៕