(ព្រះវិហារ)៖ ក្រុមហ៊ុនទុរេនក្នុងស្រុកមួយដំបូងក្នុងទឹកដីខេត្តព្រះវិហារ មានសមត្ថភាពនាំចេញសាច់ទុរេនជាង១២០តោន ទៅកាន់ទីផ្សារប្រទេសចិនក្នុងរដូវប្រមូលផលឆ្នាំនេះ និងរំពឹងថា នឹងពង្រីកការនាំចេញឱ្យដល់ ៥០០តោននៅឆ្នាំខាងមុខ។
នាយកប្រតិបត្តិក្រុមហ៊ុន ធីខេវ៉ាយ ហ្វាម, លោក យី ស៊ីណាត បានឱ្យដឹងថា ធីខេវ៉ាយ ហ្វាម ជាក្រុមហ៊ុនដ៏ធំមួយដែលបង្កើតឡើងដោយកូនខ្មែរ និងទទួលបានជោគជ័យក្នុងការវិនិយោគលើដំណាំទុរេន នៅលើផ្ទៃដីជាង២០០ហិកតា ស្ថិតក្នុងភូមិសាស្ដ្រភូមិអូរពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ជាមួយនឹងពូជដំណាំទុរេនចំនួន៣ប្រភេទ រួមមាន៖ ប្រភេទទុរេនម៉ាន់ថងទឹកដោះគោស្ងួត ទុរេនឪខាក់ និងទុរេនមូសានឃីង លើបរិមាណជាង ១៦០០០ដើម និងមាន ទុរេនដែលកំពុងទទួលផលចំនួនជាង ៤០០០ដើម។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ទុរេនដែលក្រុមហ៊ុនយើងខ្ញុំកំពុងដាំនេះ អាចនិយាយថាជាទុរេនប្រេនព្រះវិហារ រសជាតិបែបព្រះវិហារ សម្គាល់ខេត្តរបស់យើង ព្រោះយើងគិតថាប្រវត្តិសាស្ដ្ររាប់រយឆ្នាំហើយ ខេត្តព្រះវិហារយើង ដែលជាប្រភេទដីស មិនដែលមានកសិដ្ឋានធំរាប់រយហិកតាដែលដាំទុរេនជោគជ័យបែបនេះទេ»។
នាយកប្រតិបត្តិក្រុមហ៊ុន ធីខេវ៉ាយហ្វាម បានបន្ដទៀតថា សម្រាប់ទិន្នផលឆ្នាំនេះក្រុមហ៊ុនទទួលបានផលច្រើនគួរសម បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅគឺកើនរហូតដល់ទៅ ២ដង។
លោកបញ្ជាក់ទៀតថា៖ «ទុរេនដែលយើងកំពុងប្រមូលផលនេះមានអាយុពី៧ ទៅ៨ឆ្នាំហើយ ផលដែលទទួលបានក្នុង១ដើម ចន្លោះចាប់ពី៤០ផ្លែ ទៅ៦០ផ្លែ ហើយចំពោះការប្រមូលផលក្នុងមួយថ្ងៃចន្លោះចាប់ពី៦តោន ទៅ១០តោន។ ដោយឡែក ចំពោះទិន្នផលវិញឆ្នាំនេះយើង ទទួលបានគុណនឹងពីរដងឯណោះ បើប្រៀបធៀបនិងទិន្នផលកាលពីឆ្នាំកន្លងទៅ ដោយកាលពី ឆ្នាំទៅយើងទទួលបានផលតែជាង១០០តោនប៉ុណ្ណោះ ខណៈឆ្នាំនេះយើងប៉ាន់ប្រមាណថានឹង ទទួលបានប្រមាណជាង៣០០តោន»។
លោក យី ស៊ីណាត បានបន្ដថា បច្ចុប្បន្ននេះ ក្រុមហ៊ុន ធីខេវ៉ាយហ្វាម បាននិងកំពុងធ្វើការនាំចេញសាច់ទុរេនជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន នូវប្រភេទពូជទុរេនម៉ាន់ថង ក្នុងបរិមាណ ១២០តោន ខណៈមកទល់ពេលនេះ ក្រុមហ៊ុនបានធ្វើការផ្គត់ផ្គង់ជូនដល់ដៃគូរក្នុងប្រទេសចិនបានជាង ៥០តោនរួចហើយៗ នៅឆ្នាំក្រោយនេះ ក្រុមវិនិយោគចិនបានបើកភ្លើងខៀវឱ្យក្រុមហ៊ុនពង្រីកបរិមាណនាំចេញឱ្យធំជាងហ្នឹងរហូតដល់ ៥០០តោនបន្ថែមទៀត។
លោកថា៖ «សម្រាប់ម៉ាន់ថងយើងមានទីផ្សារ សម្រាប់លេខ១ យើងបានបកសាច់នាំចេញ ទៅកាន់ស្រុកចិន និងផ្គត់ផ្គង់ទៅឱ្យដៃគូរនៅតាមបណ្ដាផ្សារទំនើបក្នុងទីក្រុងភ្នំពេញ ហើយប្រភេទលេខ២ យើងបានផ្គត់ផ្គង់នៅតាមបណ្ដា ខេត្តទាំង២៥រាជធានីខេត្ត។ ជាមួយនេះសម្រាប់ទីផ្សារចិនយើងបានប៉ានប្រមាណថានឹងនាំចេញឱ្យបាន១២០តោន ខណៈពាក់កណ្ដាលរដូវប្រមូលផលឆ្នាំនេះយើងបានផ្គង់ផ្គង់ប្រមាណ៥០តោនរួចស្រេចហើយ។ ហើយបើតាមដៃគូរដែលនាំចេញទៅកាន់ស្រុកចិន រសជាតិដែលយកទៅគឺគេទទួលស្គាល់តែម្ដង ចឹងឆ្នាំក្រោយគេឱ្យយើងពង្រីកកុងត្រាឱ្យបានធំជាងមុន ហើយបរិមាណក្រុមហ៊ុនធីខេវ៉ាយហ្វាម រំពឹងថានឹងអាច នាំចេញឱ្យបាន៥០០តោន នៅរដូវកាលឆ្នាំក្រោយ»។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែង ថា ផ្លែទុរេនរបស់ប្រជាកសិករនៅខេត្តព្រះវិហារ មានការប្រមូលផលល្អគួរអោយគត់សំគាល់ខ្លាំងណាស់ ពីមួយឆ្នាំ ទៅមួយឆ្នាំ គឺមានការកើនឡើងជាបន្តបន្ទាប់ ហើយរស់ជាតិផ្អែមឆ្ងាញ់ ខុសពី រសជាតិផ្លែទុរេនដែលមានដាំដុះនៅតាមបណ្ដាខេត្ត និងតំបន់ផ្សេងៗ រហូតដល់មានការវិនិ យោគសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិនទៀតផង ដែលនេះបានសបញ្ជាក់ឱ្យឃើញថា ទុរេនដែលដាំដុះនៅក្នុងខេត្តព្រះវិហារ ក៏អាចចាត់ទុកថាជាទុរេនជាប់លំដាប់ល្អជាងគេមួយដែរ ដោយសារមានការទទួលស្គាល់រសជាតិ ទាំងជាតិ និងអន្ដរជាតិបែបនេះ។
ឆ្លៀតនៅក្នុងឱកាសនេះ លោក ពឹង ទ្រីដា ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាជនខ្មែរចូលរួមគាំទ្រកសិផលក្នុងស្រុកទាំងអស់គ្នា ដែលក្រៅពីអាចជួយបង្កើនកម្រិតសេដ្ឋកិច្ចរបស់ប្រជាកសិករខ្មែរ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ ដោយសារតែទិន្នផលទាំងនេះត្រូវបានផលិតចេញពីស្នាដៃកូនខ្មែរពិតៗ។ ទោះបីជាផ្លែឈើក្នុងស្រុកយើងមានតម្លៃខ្ពស់ជាងរបស់នាំចូលពិតមែន ប៉ុន្តែការដាំដុះប្រកបដោយការយកចិត្តទុកដាក់ ផ្ដោតលើគុណភាព និងសុខភាពអ្នកបរិភោគ៕