(សិង្ហបុរី)៖ ប្រទេសចិនបានបន្តនាំចូលប្រេងឆៅតម្លៃទាបរបស់រុស្ស៊ីក្នុងបរិមាណច្រើននៅក្នុងខែមិថុនា ខណៈដែលកាត់បន្ថយការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងលិច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យពីក្រុមហ៊ុនតាមដានឧស្សាហកម្មប្រេងមួយចំនួនដូចជាក្រុមហ៊ុន Vortex, Kpler និង Refinitiv ថា ប្រទេសរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងច្រើនជាងគេដល់ប្រទេសចិនក្នុងរយៈពេលពីរខែជាប់គ្នាគិតត្រឹមខែមិថុនានេះ ដោយវ៉ាដាច់ប្រទេសអារ៉ាប៊ីសាអូឌីត។
ប្រទេសចិនគឺជាប្រទេសនាំចូលប្រេងឆៅច្រើនជាងគេបំផុតក្នុងពិភពលោក ហើយប្រេងរបស់រុស្ស៊ីជួយក្រុមហ៊ុនចម្រាញ់ប្រេងចិនឱ្យរក្សាការចំណាយទាបក្នុងពេលមួយដែលប្រាក់ចំណេញរបស់ក្រុមហ៊ុនទាំងនេះត្រូវបានកាត់បន្ថយដោយការការថយចុះតម្រូវការដែលបង្កឡើងដោយវិធានការគ្រប់គ្រងកូវីដដ៏តឹងរ៉ឹង និងការរឹតបន្តឹងរបស់ទីក្រុងប៉េកាំងលើការនាំចេញប្រេងក្នុងគ្រាដែលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់។
ក្រុមហ៊ុនវិភាគឧស្សាហកម្មប្រេងទាំងនេះបានឱ្យដឹងថា ការនាំចូលប្រេងរបស់រុស្ស៊ីក្នុងខែមិថុនា រួមទាំងការដឹកជញ្ជូនតាមសមុទ្រ និងការផ្គត់ផ្គង់តាមបំពង់បង្ហូរប្រេង ត្រូវបានប៉ាន់ថាមានប្រហែល២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ឬ ១៥ភាគរយនៃតម្រូវការប្រេងឆៅរបស់ប្រទេសចិន ដែលស្មើនឹងបរិមាណដែលបាននាំចូលកាលពីខែឧសភា។
ទន្ទឹមនឹងនេះដែរ បើយោងតាមក្រុមហ៊ុន Refinitiv បានឱ្យដឹងថា ការនាំចូលប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីតសរុបនៅក្នុងខែមិថុនា ត្រូវបានព្យាករថានឹងធ្លាក់ចុះដល់កម្រិតទាបជិតពីរឆ្នាំ ដែលមានតែ ១,៣លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ។
យោងតាមក្រុមហ៊ុនវិភាគទាំងនេះបានឱ្យដឹងថា ការនាំចេញប្រេងរបស់រុស្ស៊ីតាមសមុទ្រត្រូវបានប៉ាន់ប្រមាណថាមានចន្លោះពី ១,០៤ ទៅ ១,១៥ លាន បារ៉ែលក្នុងមួយថ្ងៃកាលពីខែមុន ដែលមានកម្រិតថេរធៀបនឹងបរិមាណខ្ពស់បំផុតនៅខែឧសភាពោលគឺមានប្រហែល ១,១លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕