(ហាណូយ)៖ ប្រទេសវៀតណាម និងកូរ៉េខាងត្បូងមានគោលបំណងជំរុញតម្លៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរដល់ ១០០ប៊ីលានដុល្លារនៅឆ្នាំក្រោយ និងដល់ ១៥០ប៊ីលានដុល្លារនៅឆ្នាំ២០៣០ ខណៈដែលនៅឆ្នាំមុនមានតែ ៧៨ប៊ីលានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមថា គោលដៅពាណិជ្ជកម្មត្រូវបានព្រមព្រៀងគ្នាក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Duck-soo និងសមភាគីវៀតណាមលោក Pham Minh Chinh កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ។
កូរ៉េខាងត្បូងគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វៀតណាម និងជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេស។ ក្រុមហ៊ុន Samsung Electronics គឺជាអ្នកវិនិយោគបរទេសដ៏ធំបំផុតតែមួយគត់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងទៀតថា លោកនាយករដ្ឋមន្ត្រី Han និងលោកនាយករដ្ឋមន្ត្រី Chinh ក៏បានព្រមព្រៀងគ្នាផងដែរក្នុងការស្វែងរកវិធីកាត់បន្ថយគម្លាតក្នុងពាណិជ្ជកម្មទ្វេភាគី។
យោងតាមរបាយការណ៍គយវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបានទទួលរងឱនភាពពាណិជ្ជកម្មចំនួន ៣៤ប៊ីលានដុល្លារជាមួយកូរ៉េខាងត្បូងកាលពីឆ្នាំមុន។ ការនាំចូលសំខាន់ៗរបស់វៀតណាមពីកូរ៉េខាងត្បូង រួមមានគ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន លោហធាតុ ប្លាស្ទិក ក្រណាត់ និងឥន្ធនៈ។
យោងតាមសេចក្តីថ្លែងការណ៍ដដែលបាននឱ្យដឹងថា ក្នុងអំឡុងទូរស័ព្ទពិភាក្សាគ្នារវាងមេដឹកនាំទាំងពីរ លោក Han និង Chinh ក៏បានចែករំលែកទស្សនៈអំពីសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាព និងសុវត្ថិភាពដែនសមុទ្រ និងសេរីភាពនៅសមុទ្រចិនខាងត្បូងផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕