(វ៉ាស៊ីនតោន)៖ សេតវិមានបានឱ្យដឹងថា ក្រុមការងាររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅតែកំពុងសម្លឹងមើលជម្រើសនានានៅឡើយទេថា តើត្រូវកាត់បន្ថយពន្ធគយលើទំនិញនាំចូលពីចិនដើម្បីបន្ធូរបន្ថយអតិផរណាឬយ៉ាងណា ខណៈដែលការស្នើសុំឱ្យរក្សាពន្ធនៅដដែលមានកាន់តែច្រើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

សំណើជាង ៤០០ដែលស្នើសុំឱ្យរក្សាការយកពន្ធលើទំនិញចិនដដែល ត្រូវបានដាក់ជូនការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកគិតត្រឹមល្ងាចថ្ងៃអង្គារ ដែលធ្វើឱ្យមានភាពស្មុគស្មាញដល់ការសម្រេចចិត្តរបស់លោក Biden។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្នុងចំណោមសំណើទាំងនេះ មានសំណើមួយត្រូវបានដាក់ជូនដោយគណៈកម្មាធិការដែលតំណាងឱ្យសហជីពចំនួន២៤ រាប់ពីសហព័ន្ធការងារ អាមេរិកនិងសភាស្ថាប័នឧស្សាហកម្ម (AFL-CIO) ដែលជាសហជីពធំបំផុតនៅអាមេរិក រហូតដល់សមាគមអ្នកបើកយន្តហោះ Air Line ដែលបានស្នើសុំឱ្យបន្តការអនុវត្តការដកហូតពន្ធគយទាំងអស់ ដែលបានដាក់ដោយអតីតប្រធានាធិបតី Donald Trump ទៅលើទំនិញនាំចូលពីចិនដែលមានតម្លៃប្រហែល ៣៧០ប៊ីលានដុល្លារ។

ប្រសិនបើលោក Biden អាចកាត់បន្ថយពន្ធគយនេះបានមែននោះ លោកនឹងត្រូវប្រឈមមុខនឹងអ្នកបោះឆ្នោតគាំទ្ររូបលោក។ លោកបានពណ៌នាខ្លួនឯងថាជាប្រធានាធិបតីដែលគាំទ្រការងារបំផុតដែលមិនធ្លាប់មាន ដោយពឹងផ្អែកយ៉ាងខ្លាំងលើសហជីពដើម្បីផ្តល់អំណាចជាបឋមដល់គណបក្សប្រជាធិបតេយ្យរបស់គាត់ និងឈ្នះការបោះឆ្នោតទូទៅនៅឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា បន្ទាប់ពីការពិភាក្សាអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងរដ្ឋាភិបាលអំពីការកាត់បន្ថយពន្ធសម្រាប់ធ្វើជាមធ្យោបាយមួយដើម្បីបន្ធូរបន្ថយអតិផរណាដែលកើនឡើងដល់កម្រិតខ្ពស់រួចមក លោកស្រី Karine Jean-Pierre លេខាធិការសារព័ត៌មានរបស់សេតវិមានបានឱ្យដឹងថា ក្រុមការងាររបស់លោក Biden នៅតែថ្លឹងថ្លែងនៅឡើយទៅលើយុទ្ធសាស្ត្រផ្សេងៗ។

លោកស្រីថ្លែងថា៖ «វាមានធាតុផ្សេងគ្នាជាច្រើនចំពោះបញ្ហានេះ ជាពិសេសចាប់តាំងពីរដ្ឋាភិបាលមុនបានដកពន្ធគយទាំងនេះតាមរបៀបដ៏គ្រោះថ្នាក់ តាមរបៀបដែលមិនមែនជាយុទ្ធសាស្ត្រ»។ លោកស្រីបន្ថែមថា៖ «ដូច្នេះយើងចង់ធ្វើឱ្យប្រាកដថា យើងមានវិធីសាស្រ្តត្រឹមត្រូវ។ ហើយជាថ្មីម្តងទៀត ក្រុមការងាររបស់លោកប្រធានាធិបតីកំពុងពិភាក្សាគ្នា កំពុងស្វែងរកវិធីដោះស្រាយ ហើយពួកគេកំពុងនិយាយអំពីរឿងនេះ»

នៅពេលដែលសួរថាតើ ការសម្រេចចិត្តរបស់លោក Biden នឹងត្រូវរង់ចាំរហូតដល់ពេលគាត់និយាយជាមួយប្រធានាធិបតីចិន Xi Jinping នៅក្នុងជជែកគ្នាតាមទូរស័ព្ទដែលបានគ្រោងទុកឬយ៉ាងណានោះ លោកស្រី Jean-Pierre បានបដិសេធមិនផ្តល់ពេលវេលាសម្រាប់ការសម្រេចចិត្តរបស់លោក Biden។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕