(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្រសួងនៅតែបន្តទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក តាមនីតិវិធីដូចខាងក្រោម៖
* នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ត្រូវមកដាក់ពាក្យស្នើសុំ តែត្រូវរងការផាកពិន័យតាមច្បាប់ជាធរមាន
* នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលទើបចាប់ផ្តើមធ្វើប្រតិបត្តការ ឬមានបំណងធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក អាចមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនរងការផាកពិន័យឡើយ
* រូបវន្តបុគ្គលដែលមានផលរបរ នៅក្រោមកម្រិតផលរបរជាអ្នកជាប់ពន្ធតូច អាចបន្តជូនដំណឹងមកក្រសួងពាណិជ្ជកម្ម ដើម្បីអាចទទួលបានការលើកលែងមិនតម្រូវឱ្យដាក់ពាក្យស្នើសុំ ឬក៏បើរូបវន្តបុគ្គលនោះ នៅចង់ទទួលបានលិខិតអនុញ្ញាត អាចអញ្ជើញមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនរងការផាកពិន័យឡើយ៕
សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖