(ប៉េកាំង)៖ អាជ្ញាធរអាចលក់សាច់ជ្រូកចេញពីស្តុកបម្រុងយុទ្ធសាស្រ្តរបស់ខ្លួនក្នុងគោលបំណងទប់ស្កាត់តម្លៃសាច់ដ៏ពេញនិយមនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហួថា តម្លៃសាច់ជ្រូកនៅក្នុងប្រទេសបានកើនឡើងខ្លាំងកាលពីចុងខែមុន ដោយតម្លៃសាច់ជ្រូកបានកើនឡើង ៣២ភាគរយកាលពីខែមិថុនា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការផ្គត់ផ្គង់ទីផ្សារធ្លាក់ចុះ។
គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ (NDRC) របស់ប្រទេសចិនបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការកើនឡើងនេះបានកើតឡើងនៅខាងក្រោយពេលកើតមានព្រឹត្តិការណ៍មិនប្រក្រតីនានាដែលរាំរាំងដល់ការផ្គត់ផ្គង់សាច់ជ្រូក និងភាពស្ទាក់ស្ទើរក្នុងការលក់ជ្រូករស់ចូលទៅក្នុងទីផ្សារ។
NDRC បានឱ្យដឹងទៀតថា ការស្ទាក់ស្ទើរលក់ជ្រូករស់ចូលក្នុងទីផ្សារនេះគឺក្នុងគោលបំណងបង្កើនប្រាក់ចំណេញ និងបានបញ្ជាឱ្យអ្នកផ្គត់ផ្គង់ធំៗសម្លាប់ជ្រូកក្នុងឱ្យបានច្រើនជាងនេះ ដោយព្រមានពួកគេមិនឱ្យស្តុកទុក។
នៅថ្ងៃអង្គារនេះ គណៈកម្មការ NDRC កំពុងតែពិនិត្យមើលលើការបញ្ចេញសាច់ជ្រូកពីស្តុកបម្រុង។ NDRC ក៏បានណែនាំដល់រដ្ឋាភិបាលក្នុងតំបន់ឱ្យបញ្ចេញការផ្គត់ផ្គង់ “ឱ្យបានទាន់ពេលវេលា” ផងដែរ ដើម្បីទប់ស្កាត់នឹងការឡើងថ្លៃខ្លាំង។
ប្រទេសចិនភាគច្រើនបានរួចផុតពីផលប៉ះពាល់នៃការកើនឡើងតម្លៃអាហារពិភពលោកដែលបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ប៉ុន្តែតម្លៃសាច់ជ្រូកត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងបន្ទាប់ពីហ្វូងជ្រូកនៅក្នុងប្រទេសនេះត្រូវបានបំផ្លិចបំផ្លាញដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបណ្តាលឱ្យអតិផរណាកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕