(ម៉ាឡេស៊ី)៖ តំណាងក្រុមហ៊ុនម៉ាឡេស៊ីមួយចំនួន បានប្តេជ្ញាពង្រីកអាជីវកម្មរបស់ខ្លួន នៅកម្ពុជាឱ្យខាងតែបាននា ពេលដ៏ខ្លីខាងមុខនេះ ដោយសារកម្ពុជាការគ្រប់គ្រង បានយ៉ាងល្អប្រសើរនៃការរីករាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យអត្រាអ្នកឆ្លងមានចំនួនតិចតួច។
ជាមួយគ្នានេះ នៅចុងខែសីហាខាងមុខនេះ ស្ថានទូតម៉ាឡេស៊ី នឹងរៀបចំវេទិកាពាណិជ្ជកម្មចំនួន៤ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដើម្បីឱ្យវិនិយោគិនម៉ាឡេស៊ី និងកម្ពុជា បានជួបពិភាក្សាគ្នា សិក្សាពីឱកាសវិនិយោគនៅកម្ពុជា។
ការប្តេជ្ញាចិត្តរបស់ធុរជនម៉ាឡេស៊ីនេះ ធ្វើឡើងក្នុងជំនួបពិធីពិសាអាហារថ្ងៃត្រង់ការងារ ជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលរៀបចំដោយសមាគមផ្គត់ផ្គង់ការលក់រាយម៉ាឡេស៊ី (MRCA) និងសាជីវកម្មសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី (SME Corporation Malaysia)កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលលោកបំពេញបេសកកម្មការងារនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីរយៈពេល២ គឺពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២២។
ក្នុងពិធីពិសាអាហារថ្ងៃត្រង់ការងារនេះ ក៏មានវត្តមានចូលរួមរបស់ លោក ចឺយ វិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី លោក Sharan Valiram ប្រធានសមាគម MRCA លោក Dato Sri Ricky Yaw អនុប្រធានសាជីវកម្ម SME Malaysia និងលោក លោកស្រីជាប្រធាន និងអ្នកគ្រប់គ្រងក្រុមហ៊ុនម៉ាឡេស៊ីចំនួន ១៥។
នៅក្នុងមតិចំណាប់អារម្មណ៍របស់ខ្លួន ប្រធានសមាគម អនុប្រធានសាជីវកម្ម និងធុរជនទាំងអស់បានវាយតម្លៃខ្ពស់ និងសម្តែងនូវការកោតសរសើរ ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសលើការគ្រប់គ្រងបានយ៉ាងល្អប្រសើរ នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលបានធ្វើឱ្យអត្រាអ្នកឆ្លងនៅកម្ពុជាមានចំនួនតិចតួចបំផុតនាពេលបច្ចុប្បន្ន។
បើតាមក្រុមធុរជនទាំងនោះ ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សហការជាមួយសមាគម MRCA នឹងរៀបចំបេសកកម្មពាណិជ្ជកម្មចំនួន៤ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ឱកាសសន្ទនារវាងក្រុមហ៊ុននៅកម្ពុជានិងក្រុមហ៊ុនរបស់ម៉ាឡេស៊ីដែលរំពឹងថានឹងអាចឈានទៅរកការសហការគ្នាបន្ថែមទៀត។
លោក សុខ ចិន្តាសោភា បានសាទរដែលតំណាងក្រុមហ៊ុនទាំងអស់របស់ម៉ាឡេស៊ី មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
លោកបានលើកឡើងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាស្ថាប័នជំរុញវិនិយោគ ត្រៀម ខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាថែទាំ និងសម្រួលដល់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនគ្រប់ជាតិសាសន៍ ហើយច្បាប់ស្តីពីវិនិយោគថ្មីដែលបានចូលជាធរមានកាលពីចុងឆ្នាំ២០២១ ទៀតសោត ក៏ជាក្របខណ្ឌគតិយុត្តិមួយដ៏រឹងមាំដែលបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងប្រទេសកម្ពុជា៕