(ប៉េកាំង)៖ ទិន្នន័យផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន បានកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយកើនពី ១១ទ្រីលានយ័ន (១,៦៥ទ្រីលានដុល្លារ) ក្នុងឆ្នាំ២០១២ ដល់ជាង ៤៥ទ្រីលានយ័ន (៦,៧ទ្រីលានដុល្លារ) ក្នុងឆ្នាំ២០២១។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួកាលពីថ្ងៃអាទិត្យ។
យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិនបានឱ្យដឹងថា សមាមាត្រនៃសេដ្ឋកិច្ចឌីជីថលនៅក្នុងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើងពី ២១,៦ ភាគរយដល់ ៣៩,៨ភាគរយនៅក្នុងរយៈពេលនេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានរាយការណ៍ថា ប្រទេសចិនបានពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ នៅត្រឹមចុងខែឧសភា ឆ្នាំនេះ ចិនបានសាងសង់មណ្ឌលបណ្តាញបច្ចេកវិទ្យាទំនើបនិងធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់ទីក្រុងថ្នាក់ខេត្តជាមួយនឹងបណ្តាញខ្សែកាបអុបទិក និងមានស្ថានីយមូលដ្ឋាន 5G ចំនួន ១,៧លានស្ថានីយ។
ប្រទេសចិនក៏បានពន្លឿនការធ្វើសមាហរណកម្មទិន្នន័យធំ កុំព្យូទ័រខ្លោដ និងបញ្ញាសិប្បនិមិត្តជាមួយនឹងវិស័យផ្សេងទៀតដូចជាថាមពល ការថែទាំវេជ្ជសាស្រ្ត ការដឹកជញ្ជូន ការអប់រំ និងកសិកម្ម។
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិនបានឱ្យដឹងទៀតថា នៅឆ្នាំ២០២១ទិន្នផលតម្លៃបន្ថែមនៃក្រុមហ៊ុនផលិតកម្មព័ត៌មានអេឡិចត្រូនិកធំៗបានកើនឡើង ១៥,៧ ភាគរយឆ្នាំ២០២០ ដែលកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងមួយទសវត្សរ៍ ខណៈដែលប្រាក់ចំណូលរបស់សេវាកម្មសូហ្វវែរ និងសេវាកម្មបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាអ៊ីនធឺណិត និងសេវាកម្មពាក់ព័ន្ធក៏បានចុះបញ្ជីកំណើនពីរខ្ទង់ផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ៕