(ភ្នំពេញ)៖ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២នេះ ការផ្តល់អាជ្ញាបណ្ណក្រុមហ៊ុនសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុចំនួន២៧០ ក្រុមហ៊ុន និងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ ចំនួន៣១២ ក្រុមហ៊ុន ដែលជាការជំរុញវិស័យអលនវត្ថុឱ្យមានការអភិវឌ្ឍ និងចូលរួមចំណែកជួយគាំទ្រ ដល់កំណើនសេដ្ឋកិច្ចជាតិ។
ថ្លែងក្នុងតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២ លោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអលនវត្ថុ និងបញ្ចាំ បានឱ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុទាំង ២៧០ ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ ក្នុងនោះរួមមាន ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ មានចំនួន ១៨៩ក្រុមហ៊ុន, ក្រុមហ៊ុនវាយតម្លៃ មានចំនួន ០៧ ក្រុមហ៊ុន, ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងវាយតម្លៃ មានចំនួន ៤២ ក្រុមហ៊ុន, ក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ មានចំនួន ១៧ ក្រុមហ៊ុន, ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងគ្រប់គ្រងអចលនវត្ថុ មានចំនួន ១០ ក្រុមហ៊ុន, ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ, វាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុមានចំនួន ០៥ ក្រុមហ៊ុន។
ចំណែកក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ ចំនួន ៣១២ ក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណ មានគម្រោងអភិវឌ្ឍសរុបចំនួន ៤៣៦ តម្រោង។ គម្រោងទាំងនោះរួមមាន ផ្ទះល្វែងមានចំនួន ២១ គម្រោង, បុរី មានចំនួន ២៣៣ គម្រោង, អគារសហកម្មសិទ្ធិ (ខុនដូ) មានចំនួន ១៥៤ គម្រោង,ផ្សារ មានចំនួន ២ គម្រោង, គម្រោងចម្រុះ មានចំនួន ២៤ គម្រោង, គម្រោងដីឡូត៍ មានចំនួន ២ គម្រោង
លោកអគ្គនាយកចាត់ទុក កម្មវិធី «ពិព័រណិអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ ២០២២» នេះពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រមូលផ្តុំនូវប្រតិបត្តិករ ដែលជាអ្នកប្រកបអាជីវកម្ម និងសេវាកម្មអចលនវត្ថុ និងអ្នកវិយោគ ជាពិសេសប្រជាពលរដ្ឋដែលកំពុងស្វែងរកលំនៅឋាន មានឱកាសក្នុងការសិក្សាស្វែងយល់ និងទទួលបានព័ត៌មានលំអិតអំពីគម្រោងរបស់អ្នកអភិវឌ្ឍអចលនត្ថុទាំងនោះ៕