(ភ្នំពេញ)៖ មនុស្សជាច្រើនដែលចង់ចាប់ផ្តើមរកស៊ី ឬវិនិយោគតែតែងដាក់ជាចំណោទសម្រាប់ខ្លួនឯងថា «ខ្ញុំចង់រកស៊ីតែអត់ដើមទុន ឬគ្មានដើមទុនផង រកស៊ីម្ត៉េចនឹងកើត?»។
តើគួរធ្វើយ៉ាងណាដើម្បីបានដើមទុនរកស៊ី ឬវិនិយោគ? អ្នកជំនាញជោគជ័យលើវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Camboiia បានប្រាប់អំពីវិធីសាស្ដ្រ ដល់អ្នកដែលចង់រកស៊ី ប៉ុន្ដែគ្មានដើមទុន ដើម្បីរកស៊ីបាន។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានប្រើដាក់តឿនថា «បើសិនបើអ្នក មិនមានដើមទុនរកស៊ី ឬក៏បើសិនជាអ្នកអត់លុយរកស៊ីទេ សូមប្រើពេលវេលា២៤ម៉ោងក្នុងមួយថ្ងៃ និងជីវិត ជាដើមទុន»។ ក្នុនន័យនេះ លោកចង់ឲ្យអ្នកចង់ចាប់ផ្តើមរកស៊ី ត្រូវតែប្រឹងប្រែងធ្វើការឲ្យខ្លាំង ដើម្បីសន្សំប្រាក់ឲ្យបានច្រើន តាមលទ្ធភាពដែលអាចធ្វើបាន ដែលប្រាក់ទាំងនោះនឹងក្លាយជាដើមទុន។
ក្រៅពីដើមទុនដែលសន្សំបានពីការខិតខំធ្វើការរបស់យើងហើយនោះទេ ប្រភពដើមទុនមួយទៀត គឺការខ្ចីប្រាក់ពីសាច់ញាតិរបស់យើង ដូចជាពីឪពុកម្តាយ បងប្អូន ញាតិមិត្ត ដែលអាចឲ្យយើងខ្ចីបាន។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានប្រាប់ថា «ត្រូវយកលុយ បានមកពីយើងសន្សំ និងការខ្ចីលុយ ពីម្ដាយ-ឪពុក ដោយគ្មានការប្រាក់ គ្មានលក្ខខណ្ឌ គ្មានកុងត្រា ធ្វើជាដើមទុន»។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បន្ដថា បើសិនជាលុយសន្សំ និងលុយម្ដាយ-ឪពុក ដែលយើងទទួលបាននៅតែមិនគ្រប់ គឺត្រូវតែទៅខ្ចី ដល់បងប្អូនសាច់ញាតិ និងមិត្ដភក្ដិ ហើយត្រូវកត់ទុក នរណាឲ្យខ្ចីខ្លះ ដើម្បីដឹងថា គេជាមនុស្សដែលជួយយើងពិតប្រាកដ ក្នុងខណៈពេលដែលយើងកំពុងជួបការលំបាក។
ត្រង់ចំណុចនេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បន្ថែមថា នរណាដែលជួយយើង ក្នុងគ្រាដែលយើងជួបការលំបាក នោះហើយជាមនុស្ស ដែលយើងត្រូវដើរជាមួយ និងស្គាល់គេ ក្នុងជីវិតជារៀងរហូត ហើយចំពោះអ្នកដែលមិនបានជួយយើង គឺកុំស្អប់គេ គ្រាន់តែចង់ចាំថា គេអត់បានឲ្យលុយយើងខ្ចីនោះទេ ក្នុងគ្រាដែលយើងលំបាក។
អ្នកជំនាញល្បីឈ្មោះ រូបនេះ បានឲ្យដឹងទៀតថា សូមខ្ចីលុយ ពីម្ដាយ-ឪពុក បងប្អូនសាច់ញាតិ និងមិត្ដភក្ដិ កុំភ័យគេថា យើងមុខក្រាស់ ដើម្បីមករកស៊ី បើសិនជាអ្នកគេឲ្យយើងយក ប៉ុន្ដែបើគេមិនឲ្យ ក៏កុំស្អប់គេផងដែរ គ្រាន់តែចង់ចាំ ព្រោះថា លុយដែលយើងខ្ចីគេ គឺយើងយកមករកស៊ី។
បន្ថែមពីនោះទៀត ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានប្រាប់អំពីគន្លឹះ ដើម្បីជោគជ័យក្នុងអាជីវកម្មផងដែរថា គឺ «ត្រូវខិតខំរកលុយឲ្យបានច្រើន និងចាយលុយឲ្យបានតិច ជាងលុយដែលរកបាន»។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងទៀតថា អាជីវកម្ម ដែលមានប្រសិទ្ធភាព គឺត្រូវប្រើប្រាស់ដើមទុនឲ្យចំគោលដៅ ដោយត្រូវទិញអ្វី ដែលជាតម្រូវការពិតប្រាកដ មិនមែនទិញអ្វី ដោយគ្រាន់តែយើងចង់។
ជាមួយគ្នានេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកជាឧទាហរណ៍ថា៖ បើសិនជាអភិវឌ្ឍន៍គម្រោងបុរីមួយ លុយដែលភ្ញៀវទិញបុរីនេះ គឺត្រូវតែប្រើប្រាស់តែក្នុងបុរីនេះ ហាមយកលុយពីភ្ញៀវទិញ យកទៅប្រើប្រាស់លើការងារផ្សេង។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា ការប្រើប្រាស់លុយ ដែលមានប្រសិទ្ធភាព គឺការប្រើប្រាស់លុយ ឲ្យចំនឹងខ្ទង់ចំណាយ ដែលការធ្វើបែបនេះ នឹងទទួលបានភាពជោគជ័យ លើដំណើរការអាជីវកម្ម៕