(ព្រុចសែល)៖ រដ្ឋសមាជិកនិងសមាជិកសភាអឺរ៉ុបនៅចុងសប្តាហ៍នេះបានព្រមព្រៀងគ្នាលើវិធាននានាដើម្បីទប់ស្កាត់ក្រុមហ៊ុនបរទេសដែលគាំទ្រដោយរដ្ឋ ពីការទិញយកក្រុមហ៊ុនអឺរ៉ុបដែលមានប្រាក់ចំណូលឆ្នាំ ៥០០លានអឺរ៉ូ (៥២០លានដុល្លារ) ឡើងទៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
វិធានថ្មីទាំងនេះបង្ហាញឱ្យឃើញពីវិធីសាស្រ្តគាំពារនិយមបន្ថែមទៀតប្រឆាំងនឹងការទិញក្រុមហ៊ុនបរទេសដែលអាចកើតមានណាមួយពីសំណាក់ក្រុមហ៊ុនចិន
កាលពីឆ្នាំមុន គណៈកម្មការអឺរ៉ុបបានបង្ហាញសំណើនានាសម្រាប់វិធានថ្មីៗស្តីពីការទិញយកក្រុមហ៊ុនអឺរ៉ុប ក្នុងគោលបំណងទប់ស្កាត់នូវអ្វីដែលខ្លួនចាត់ទុកថាជាការប្រកួតប្រជែងមិនយុត្តិធម៌ពីប្រទេសដូចជាប្រទេសចិនជាដើម។
ច្បាប់ថ្មីទាំងនេះនឹងអនុវត្តចំពោះក្រុមហ៊ុនបរទេសដែលទទួលបានប្រាក់ឧបត្ថម្ភធនលើសពី ៥០លានអឺរ៉ូឡើងទៅ។
បណ្តាប្រទេស និងសមាជិកសភាសហភាពអឺរ៉ុបក៏បានព្រមព្រៀងគ្នាក្នុងការរារាំងក្រុមហ៊ុនបរទេសដែលទទួលបានឧបត្ថម្ភធនមិនឱ្យចូលរួមក្នុងការដេញថ្លៃសាធារណៈដែលមានតម្លៃលើសពី ២៥០ លានអឺរ៉ូផងដែរ។
ការផាកពិន័យរហូតដល់ ១០ ភាគរយនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនអាចនឹងត្រូវធ្វើឡើងប្រសិនបើក្រុមហ៊ុនមិនជូនដំណឹងដល់សហភាពអឺរ៉ុបអំពីការឧបត្ថម្ភធនដែលពួកគេទទួលបាន។ គណៈកម្មាការអឺរ៉ុបនឹងត្រូវបានផ្តល់សិទ្ធិអំណាចស៊ើបអង្កេតក្នុងការឧបត្ថម្ភធនដែលត្រូវបានផ្តល់រហូតដល់ ៥ឆ្នាំថយក្រោយគិតចាប់ពីពេលច្បាប់នេះចូលជាធរមាននៅពាក់កណ្តាលឆ្នាំ២០២៣។
ការទិញយកក្រុមហ៊ុន ឬការដេញថ្លៃកិច្ចសន្យាដែលធ្វើឡើងដោយក្រុមហ៊ុនបរទេសដែលទទួលបានឧបត្ថម្ភធនលើសពីកម្រិតទាំងនោះនឹងឈានទៅដល់ការស៊ើបអង្កេត និងការចាត់វិធានការដើម្បីប្រឆាំងទៅនឹងផលប៉ះពាល់ដែលបង្កការខូចខាតនានា។ ការព្រមព្រៀងចំពោះវិធានទាំងនេះសម្រេចបានបន្ទាប់ពីមានចរចាជិត ៦ម៉ោង។
លោក Margrethe Vestager អនុប្រធានគណៈកម្មការអឺរ៉ុបបានថ្លែងថា៖ «យើងចង់ធ្វើឱ្យប្រាកដថា ក្រុមហ៊ុនអឺរ៉ុបមិនត្រូវបានធ្វើឱ្យប៉ះពាល់ដោយសារការឧបត្ថម្ភធនបរទេសទេ»។
សមាជិកសភាអឺរ៉ុបលោក Christophe Hansen បាននិយាយថា ច្បាប់ថ្មីនេះនឹងបិទបញ្ចប់គម្លាតបទប្បញ្ញត្តិរវាងក្រុមហ៊ុនអឺរ៉ុបដែលស្ថិតនៅក្រោមច្បាប់តឹងរ៉ឹង និងគូប្រជែងបរទេសដែលស្ថិតនៅក្រោមច្បាប់ធូររលុង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕