(បាងកក)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងនៅថ្ងៃសុក្រថា ប្រទេសថៃគ្រោងនឹងបន្តវិធានការគាំទ្រទីផ្សារអចលនទ្រព្យដើម្បីជួយជំរុញការស្ទុះងើបឡើងវិញនៃឧស្សាហកម្មនេះ និងសេដ្ឋកិច្ចទាំងមូល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
វិធានការដែលនឹងផុតកំណត់នៅឆ្នាំនេះរួមមានអនុបាតកម្ចីធៀបនឹងតម្លៃ ១០០ភាគរយ និងការកាត់បន្ថយកម្រៃសេវា ដើម្បីជួយបង្កើនសកម្មភាពក្នុងវិស័យអចលនទ្រព្យ ដែលក្រុមមន្ត្រីបានឱ្យដឹងថានឹងត្រូវចំណាយពេលយូរជាងនេះក្នុងការស្ទុះងើបឡើងវិញ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃខណៈថ្លែងប្រាប់សន្និសីទធុរកិច្ចមួយថា បើទោះជាមិនទាន់មានការសម្រេចពីពេលវេលាអនុវត្តនៅឡើយក្តី តែរដ្ឋាភិបាលថៃនឹងជួយរហូតដល់វិស័យនេះស្ទុះងើបឡើងវិញ និងក្លាយជាកត្តាជំរុញកំណើន។
ធនាគាររដ្ឋនានាក៏ត្រូវបានស្នើសុំឱ្យបង្កកអត្រាការប្រាក់ឱ្យបានយូរតាមដែលអាចធ្វើទៅបាន ដើម្បីជួយសាធារណៈជន បន្ទាប់ពីមានការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលថៃ។ ធនាគារកណ្តាលថៃត្រូវបានរំពឹងថានឹងដំឡើងអត្រាគោលនយោបាយរបស់ខ្លួនឆាប់ៗនេះនៅខែសីហា ដើម្បីទប់ទល់នឹងអតិផរណាដែលកំពុងកើនឡើង។
លោក Arkhom បានថ្លែងថា វិស័យទេសចរណ៍ដ៏សំខាន់នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ ដោយភ្ញៀវទេសចរបរទេសរំពឹងថានឹងមានពី ៩ លានទៅ ១០ លាននាក់នៅឆ្នាំនេះ។
ភ្ញៀវទេសចរបរទេសជិត ៤០លាននាក់បានទៅលេងប្រទេសថៃក្នុងឆ្នាំ២០១៩។
លោកបានបន្តថា រដ្ឋាភិបាលថៃក៏គ្រោងនឹងដាក់ចេញវិធានការគាំទ្របន្ថែមទៀតដើម្បីសម្រាលផលប៉ះពាល់នៃការឡើងថ្លៃថាមពលផងដែរ។ កាលពីដើមសប្តាហ៍នេះ លោកបានព្យាករថា សេដ្ឋកិច្ចនឹងកើនឡើង ៣,៥ភាគរយនៅឆ្នាំនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕