(ភ្នំពេញ)៖ ការទូទាត់ប្រាក់ឆ្លងព្រំដែនជាមួយ ថៃ និងប្រទេសដទៃទៀត តាមរយៈប្រព័ន្ធបាគង នឹងដំណើរការឆាប់ៗខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់មន្រ្តីនៃធនាគារជាតិ។
សមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) និងសារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងសមាគមអ្នកចាប់ផ្តើមអាជីវកម្មអ៊ីនធឺណិតកម្ពុជា (CISA) បានរៀបចំការបោះពុម្ព កម្រងរបាយការណ៍ហិរញ្ញវត្ថុរបស់ ស.ស.រ លើកទីបួន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយផ្តោតលើប្រធានបទ «ប្រព័ន្ធបាគង៖ ផលប៉ះពាល់ និងឱកាស»។
ថ្លែងក្នុងពិធីកម្រងរបាយការណ៍ហិរញ្ញវត្ថុរបស់ ស.ស.រ នេះ លោកស្រី រឿន និមល អនុប្រធានផ្នែកទូទាត់ និងជាប្រធានផ្នែកផ្សព្វផ្សាយ និងគាំទ្រមុខងារបាគង នាយកដ្ឋានព័ត៌មានវិទ្យា នៃធនាគារជាតិនៃកម្ពុជា (NBC) បានកត់សម្គាល់ថា តាមរយៈបាគង អតិថិជនទាំងអស់អាចធ្វើការផ្ទេរប្រាក់ តាមពេលវេលាជាក់ស្តែង និងទូទាត់តាមធនាគារទាំងជាប្រាក់រៀល និងដុល្លារអាមេរិក ទៅសមាជិកបាគងទាំង៣៥។
ជាងនេះទៅទៀត ការទូទាត់ប្រាក់ឆ្លងព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ក៏អាចធ្វើទៅបានតាមរយៈបាគងបាន ហើយក្នុងពេលឆាប់ៗនេះ នឹងអាចទូទាត់ជាមួយប្រទេសថៃ និងប្រទេសដទៃទៀតផងដែរ។ បាគងក៏នឹងចាប់ផ្តើមដំណើរការ KHQR ដែលមានលេខកូដ QR តែមួយ សម្រាប់ការផ្ទេរប្រាក់ និងការទូទាត់ទាំងអស់។ បាគងពិតជាឆ្អឹងខ្នងនៃប្រព័ន្ធទូទាត់នៅកម្ពុជា។
លោក អ៊ុក សារ៉ាត់ ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់នៅធនាគារជាតិនៃកម្ពុជា (NBC) មានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជាក្នុងនាមជានិយតករ តែងតែផ្តល់អាទិភាពដល់ការងារការអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ ដើម្បីលើកកម្ពស់អន្តរប្រតិបត្តិការ នៅទូទាំងស្ថាប័ន កម្រិតអ្នកប្រើប្រាស់ និងតម្លៃប្រតិបត្តិការអន្តរធនាគារ ដែលមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់។
ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធទូទាត់ផ្សេងៗគ្នា ដើម្បីអនុញ្ញាតឱ្យមានប្រតិបត្តិការឆ្លងកាត់ធនាគារជាមួយ នឹងឧបករណ៍ទូទាត់ផ្សេងៗគ្នាដែលរួមមានប្រព័ន្ធទូទាត់ជាតិ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការប្រតិបត្តិការជាប្រាក់រៀលតាមប្រព័ន្ធទូទាត់ «បាគង» មាន២.៥ទ្រីលានរៀល និងប្រាក់ដុល្លារមាន៣ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ ចំពោះការផ្តល់ភាពងាយស្រួល ក្នុងការទទួលបានសេវាទូទាត់តាមប្រព័ន្ធបាគង បានបង្កើនចំនួនប្រជាជនប្រើប្រាស់សេវាទូទាត់ ប្រមាណ៨លាននាក់ ស្មើប្រមាណ៨០% នៃប្រជាជនពេញវ័យសរុប។
សន្និសិទធ្វើទៅបាន ដោយមានការគាំទ្រពីអ្នកឧបត្ថម្ភ៖Annual Sponsor, Khmer Enterprise; Gold Sponsor Wing Bank និង In-Kind Sponsor LMCAR ៕