(ភ្នំពេញ)៖ កម្ពុជានិងចិនកំពុងចរចាគ្នា ដើម្បីបង្កើនចំនួនជើងហោះហើរឱ្យបានយ៉ាងហោចណាស់៦ជើង ក្នុងមួយសប្តាហ៍ ចាប់ពីខែកក្កដានេះទៅ ខណៈចិនបានបន្ធូរបន្ថយលក្ខខណ្ឌជាច្រើនសម្រាប់អ្នកដំណើរចេញចូលប្រទេសខ្លួន។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១ ខែកក្កដានេះលោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្ននេះ ចំនួនជើងហោះហើររវាងចិន និងកម្ពុជាមានតែចំនួន៤ជើងប៉ុណ្ណោះ ក្នុងនោះពីកម្ពុជាចំនួន២ជើង និងពីចិនមកវិញចំនួន២ជើង ដែល បានបង្កើនកាលពីខែដើមខែមិថុនាមក។ បច្ចុប្បន្ននេះ កម្ពុជាកំពុងចរចាជាមួយភាគីចិនបន្តទៀត ដើម្បីឱ្យឈានឡើងដល់៦ជើងក្នុងមួយសប្តាហ៍ ដែលក្នុងនោះ បីជើងហោះហើរពីកម្ពុជាទៅចិន និង៣ជើងហោះហើរពីចិនមកកម្ពុជាវិញ ដែលអាចនឹងចាប់ផ្តើមពីខែកក្កដានេះទៅ ដោយអាស្រ័យលើការឯកភាពពីប្រទេសចិន។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះមានការវិវត្តកើនឡើងវិញបន្តិចម្តងៗជាមួយភាគីចិន ពីមុនគាត់ឱ្យមួយសប្តាហ៍មួយជើងពីប្រទេសនីមួយៗទៅ តែឥលូវក្នុងមួយសប្តាហ៍គាត់ឱ្យពីរជើងបានន័យថា គាត់មកយើងពីរជើង យើងហោះទៅគាត់២ជើង ចឹងសរុបទីផ្សារចិន៤ជើង។ ក្រុមហ៊ុនចំនួនបីដែល យើងដាក់អនុវត្តឱ្យគាត់ហោះ ដាក់កាលវិភាគគ្នា ធ្វើមិចហោះហើរក្នុងមួយអាទិត្យ ឱ្យបាន២ជើង។ [...] ហើយថ្ងៃក្រោយទៀតគាត់អាចបន្ធូបន្ថយបង្កើនជើងតាមហ្នឹងទៀត អាស្រ័យលើគោលនយោបាយរបស់ចិន យើងមិនអាចធ្វើការព្យាករណ៍ត្រូវទេ»។
លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ តម្លៃសំបុត្រយន្តហោះរវាងចិន និងកម្ពុជានៅតែថ្លៃ ដោយសារចំនួនជើងហោះហើរមានកំណត់។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិន បានកែតម្រូវលក្ខខ័ណ្ឌជាច្រើនក្នុងការបង្ការ និង គ្រប់គ្រងពីចម្ងាយពីការឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះបានចិនលុបចោលការធ្វើ«ចត្តាឡីស័ក»នៅកម្ពុជា មុនហោះទៅចិន។ ពោលគឺចាប់ពីថ្ងៃទី ១ កក្កដា ឆ្នាំ២០២២នេះតទៅ សម្រាប់អ្នកដំណើរពីកម្ពុជា មុនពេលចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន មិនចាំបាច់ធ្វើចត្តាឡីស័កទៀតឡើយ ដោយគ្រាន់តែអ្នកដំណើរទាំងអស់បំពេញការធ្វើតេស្តចំនួន២ដង មុនពេលចេញដំណើរនៅស្ថាប័នស្របច្បាប់ចំនួន២ គឺវិទ្យាស្ថានជាតិសុខភាពសាធារណៈ(NIPH) និង មន្ទីរពេទ្យព្រះកេតុមាលា។ ការធ្វើតេស្តលើកទី១ ធ្វើឡើងក្នុងរយៈពេល៤៨ម៉ោងមុនឡើងយន្តហោះនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និង លើកទី២ ត្រូវធ្វើឡើងក្នុងរយៈពេល២៤ម៉ោងមុនពេលឡើងយន្តហោះនៅមន្ទីរពេទ្យព្រះកេតុមាលា។
កាលពីថ្ងៃ ទី២៨ មិថុនា ប្រទេសចិនបានប្រកាសកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរពីក្រៅប្រទេសចូលក្នុងប្រទេសរបស់ខ្លួនពី១៤ថ្ងៃ មកនៅត្រឹម ៧ ថ្ងៃវិញ។ ការប្រកាសលក្ខខណ្ឌបន្ធូបន្ថយជាលើកដំបូងនេះ គឺជាការបន្ធូរបន្ថយដ៏សំខាន់នៃវិធានការការពារកូវីដ ១៩ ដែលប្រទេសនេះធ្លាប់តែអនុវត្តតឹងរឹង។
យោងតាមរបាយការណ៍ពីអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ក្នុងឧសភា ឆ្នាំ២០២២នេះ ជើងហោះហើរក្នុងស្រុកមានចំនួន១៩៨ជើង ថយចុះ១៤% បើធៀបនឹងមេសា ឆ្នាំ២០២២ តែបើធៀបជាមួយខែឧសភាឆ្នាំ២០២១ កើនឡើង៩២%។ ចំនួនអ្នកដំណើរតាមផ្លូវអាកាសក្នុងស្រុកមានចំនួន ៨ ០២៨ នាក់ កើនឡើង១៧% បើធៀបនឹង កាលពីខែមុន និងធៀបជាមួយខែឧសភា ឆ្នាំ២០២១ កើនឡើង៧៧១%។
ចំណែកជើងហោះហើរក្រៅស្រុក មានចំនួន ១ ៨១៦ ជើង បើធៀបនឹងកាលពីខែមុន កើនឡើង២៣% និងធៀបជាមួយខែឧសភា ឆ្នាំ២០២១ កើនឡើង១៣៣%។
រីឯអ្នកដំណើរក្រៅស្រុកវិញ មានចំនួន ១៥៥ ០២០នាក់ កើនឡើង៧៧១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ដោយឡែកការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសពីក្រៅប្រទេសមានចំនួន ៤ ៨៣២តោន កើនឡើង ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕