(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ផ្តល់កិត្តិយបើកសម្ពោធព្រឹត្តការណ៍ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន និងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងដោយមានការចូលរួមសហការ ពីក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
ក្នុងឱកាសនោះ រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះតួនាទី របស់ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងការចូលរួមពីវិស័យឯកជន ជាពិសេសសហគ្រាសមីក្រូ តូចនិងមធ្យម ក្នុងការអភិវឌ្ឍ និងការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់អាស៊ាន ដែលបានរួមចំណែកធ្វើឲ្យសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន មានការរីកចម្រើនគួរឲ្យកត់សម្គាល់នាទសវត្សរ៍កន្លងមក។
រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានជម្រាបជូនថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ នឹងជំរុញ និងពន្លឿនការស្តារឡើងវិញនូវគ្រប់វិស័យ ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងភាពធន់ ស្របតាមមូលបទ «អាស៊ាន A.C.T.៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា»។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមប្រធានកិច្ចប្រជុំសសរស្តម្ភសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានដាក់ចេញនូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចចំនួន១៩ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ធុរកិច្ច ក្នុងអាស៊ាន ដោយផ្តោតសំខាន់លើការលើកកម្ពស់ការចាប់ផ្តើមអាជីវកម្មឌីជីថល ភាពជាសហគ្រិនស្ត្រី ក្នុងវិស័យសហគ្រាសមីក្រូ តូច និងមធ្យមជាដើម។
សមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងនេះ មិនត្រឹមតែរួមចំណែកដល់ដំណើរការស្តារសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ថែមទាំងនាំមកនូវឱកាសថ្មីៗសម្រាប់ធុរកិច្ចក្នុងអាស៊ាន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មរបស់ពួកគេទៅក្នុងសហគមន៍ធុរកិច្ចក្នុងតំបន់ និងពិភពលោកផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានជម្រាបអំពីការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះតួនាទីរបស់ធុរកិច្ច និងវិស័យឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដោយបានខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការអនុម័តច្បាប់សំខាន់ៗដូចជា ច្បាប់ស្តីពីការវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន ច្បាប់ស្តីពីវិសោធនកម្មសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីការប្រកួតប្រជែង ជាដើម ដែលនឹងជួយសម្រួល និងបង្កើតបរិយាកាសកាន់តែអំណោយផលដល់ធុរជន និងវិនិយោគិន។
ថ្លែងក្នុងឱកាសនោះ រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន ក្នុងការចាប់យកឱកាសពីការផ្លាស់ប្តូរឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទីបួន ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងភាពធន់របស់សហគ្រាសធុនតូច និងមធ្យម និងពង្រីកសក្តានុពលនៃទីផ្សារខាងក្នុងអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់កាន់តែទូលំទូលាយ តាមរយៈការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលអាស៊ានមានស្រាប់ក៏ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បន្ថែមទៀត។
រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន ភាគីពាក់ព័ន្ធក្នុងប្រទេសកម្ពុជា និងអាស៊ាន ដើម្បីសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងបញ្ចប់ភាពជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជាប្រកបដោយជោគជ័យ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងដំណើរការសមាហរណកម្មក្នុងតំបន់ និងពិភពលោក។
គួរជម្រាបផងដែរថា កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និងរង្វាន់ធុរកិច្ចអាស៊ាននឹងត្រូវរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២ ស្របគ្នានឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ ដែលកម្ពុជាជាម្ចាស់ផ្ទះ៕