(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា ( ន. ម. ក.) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Binance Capital Management ដើម្បីសិក្សាពីដំណើរការនិងប្រព័ន្ធជួញដូរ និងសុវត្ថិភាពទ្រព្យឌីជីថល ដែលជាវិស័យថ្មីមួយសម្រាប់កម្ពុជា ខណៈបច្ចុប្បន្ននេះនិយ័តករមូលបត្រកម្ពុជា មិនទាន់ផ្តល់ជាអាជ្ញាបណ្ណពាក់ព័ន្ធនឹងវិស័យទ្រព្យឌីជីថលនេះនៅឡើយទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។
ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងតំណាងក្រុមហ៊ុន Binance ធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
និយ័តករមូលបត្រកម្ពុជាបានបញ្ជាក់ថា អនុស្សរណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ដែលក្រុមហ៊ុន Binance នឹងផ្តល់ប្រឹក្សាយោបល់ចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេស រួមបញ្ចូលទាំងដំណើរការនិងប្រព័ន្ធជួញដូរ និងសុវត្ថិភាពទ្រព្យឌីជីថលដល់ និយ័តករមូលបត្រកម្ពុជា ក្នុងការរៀបចំអភិវឌ្ឍក្របខណ្ឌបទប្បញ្ញត្តិគ្រប់គ្រង និងអភិវឌ្ឍអាជីវកម្មទ្រព្យឌីជីថលនៅកម្ពុជា។
បន្ថែមពីនេះក្រុមហ៊ុន Binance នឹងចូលរួមសហការជាមួយ និយ័តករមូលបត្រកម្ពុជា ក្នុងការចែករំលែកចំណេះដឹងបច្ចេកវិទ្យាពាក់ព័ន្ធនឹងប្រតិបត្តិការទ្រព្យឌីជីថល ធ្វើការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលលើការគ្រប់គ្រងហានិភ័យពីវិស័យទ្រព្យឌីជីថលនេះដល់វិនិយោគិននៅក្នុងវិស័យមូលបត្រនៅក្នុងប្រទេសកម្ពុជា។
តាមការបញ្ជាក់របស់ និយ័តករមូលបត្រកម្ពុជា មកទល់បច្ចុប្បន្ន និយ័តករមូលបត្រកម្ពុជា មិនទាន់ផ្តល់ជាអាជ្ញាបណ្ណពាក់ព័ន្ធនឹងវិស័យទ្រព្យឌីជីថលនេះនៅឡើយទេ ដោយ និយ័តករមូលបត្រកម្ពុជា ត្រូវរៀបចំនូវបទប្បញ្ញត្តិ និងការងារគ្រប់គ្រងវិស័យនេះឱ្យបានច្បាស់លាស់ជាមុនសិន។ ដូច្នេះ គ្មានក្រុមហ៊ុនណាមួយនៅ កម្ពុជា ដែលអាចធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យឌីជីថលនេះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន នៅឡើយទេ។
ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៅថ្ងៃនេះ ក្រុមហ៊ុន Binance បានធ្វើបទបង្ហាញទៅលើប្រធានបទមួយចំនួន ដូចជា បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងវិស័យមូលបត្រ ការរីកចំរើននៃបច្ចេកវិទ្យាប្លុកឆេន និងទ្រព្យឌីជីថលនៅអាស៊ីអាគ្នេយ៍, ការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងទ្រព្យឌីជីថលក្នុងវិស័យរដ្ឋាភិបាល, និយ័តកម្មក្នុងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល យុទ្ធសាស្ត្រគោលនយោបាយ និងករណីប្រើប្រាស់ជាក់ស្តែង និងការបណ្តុះបណ្តាលនិងកម្មវិធីសប្បុរសធម៌ពាក់ព័ន្ធបច្ចេកវិទ្យាប្លុកឆេន និងទ្រព្យឌីជីថលផងដែរ៕