(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានស្ទុះងើបឡើងវិញ ប៉ុន្តែមូលដ្ឋានគ្រឹះនៃករស្ទុះងើបនេះមិនទាន់រឹងមាំនៅឡើយទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនថា លោកនាយករដ្ឋមន្ត្រី Li បានលើកឡើងថា ប្រទេសចិននឹងខិតខំជំរុញសេដ្ឋកិច្ចឱ្យត្រឡប់ទៅរកផ្លូវធម្មតាវិញ និងកាត់បន្ថយអត្រាគ្មានការងារធ្វើឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Li ត្រូវបានដកស្រង់សម្ដីថា៖ «បច្ចុប្បន្ន ការអនុវត្តកញ្ចប់គោលនយោបាយដើម្បីស្ថិរភាព សេដ្ឋកិច្ចកំពុងមានសន្ទុះ និងមានប្រសិទ្ធភាព។ សេដ្ឋកិច្ចបានស្ទុះងើបឡើងវិញទាំងស្រុង ប៉ុន្តែមូលដ្ឋានគ្រឹះនៅមិនទាន់រឹងមាំនៅឡើយទេ»។ លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «ភារកិច្ចរក្សាសិ្ថរភាពការងារនៅតែពិបាក»។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានបង្ហាញសញ្ញាស្ទុះងើបឡើងវិញនៅក្នុងខែឧសភា បន្ទាប់ពីការធ្លាក់ចុះកាលពីខែមេសា ខណៈដែលផលិតកម្មឧស្សាហកម្មបានរស់ឡើងវិញ ប៉ុន្តែការប្រើប្រាស់នៅតែទន់ខ្សោយ ហើយបានបង្ហាញឱ្យឃើញពីបញ្ហាប្រឈមសម្រាប់អ្នកបង្កើតគោលនយោបាយ ចំពេលមានការអាក់ខានជាបន្តបន្ទាប់ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា បើយោងតាមការអង្កេត អត្រាគ្មានការងារធ្វើនៅទូទាំងប្រទេសចិនបានធ្លាក់ចុះមកត្រឹម ៥,៩ ភាគរយនៅក្នុងខែឧសភាពី ៦,១ភាគរយនៅក្នុងខែមេសា ប៉ុន្តែអត្រានេះនៅតែខ្ពស់ជាងទិសដៅឆ្នាំ២០២២ របស់រដ្ឋាភិបាលចិន ដែលមានអត្រាក្រោម ៥,៥ភាគរយ។
ជាពិសេស អត្រាគ្មានការងារធ្វើដែលត្រូវបានអង្កេតនៅក្នុងទីក្រុងធំៗចំនួន៣១ បានកើនឡើងដល់ ៦,៩ភាគរយ ដែលជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រា។ សេដ្ឋវិទូមួយចំនួនរំពឹងថា ការងារនឹងកាន់តែអាក្រក់ទៅៗ មុនពេលដែលវាមានភាពប្រសើរឡើងវិញ ដោយនិស្សិតបញ្ចប់ការសិក្សាដែលចូលរួមក្នុងទីផ្សារការងារនៅរដូវក្តៅមានចំនួនច្រើនបំផុត។
លោក Li បានប្តេជ្ញាថានឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចសមហេតុផលនៅក្នុងត្រីមាសទី២ ទោះបីជាសេដ្ឋវិទូមួយចំនួនក្នុងវិស័យឯកជនរំពឹងថាសេដ្ឋកិច្ចនឹងធ្លាក់ចុះនៅក្នុងត្រីមាសទី២ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ ខណៈដែលសេដ្ឋកិច្ចនៅត្រីមាសទី១ ឆ្នាំនេះកើនឡើង ៤,៨ ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕