(ភ្នំពេញ)៖ ការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជាពីទីផ្សារអន្តរជាតិមានតម្លៃជាង៩៧១លានដុល្លារអាមេរិក កើនឡើង ៥៧.៣៦% ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២នេះ។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ មិថុនានេះ។
របាយការណ៍ដដែលនេះបានបង្ហាញថា ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ កម្ពុជាបាននាំចូលប្រេងឥន្ធនៈ មានតម្លៃ ជាង ៩៧១ លាន ដុល្លារ កើនឡើងជាង ៣៥៤លានដុល្លារ ឬស្មើនឹង ៥៧.៣៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង៦១៧លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះការនាំចូលប្រេងសាំង មានតម្លៃជាង៣៤១លានដុល្លារ កើនឡើង១០៣.១១% និងប្រេងម៉ាស៊ូតមានតម្លៃ៦២៩លានដុល្លារ កើនឡើង ៤០.២០% បើធៀបនឹងកាលពីឆ្នាំមុន។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ មិថុនានេះថា តម្លៃនៃការនាំចូលប្រេងឥន្ធនៈនៅរយៈពេល៥ខែនេះ កើនឡើងរហូតដល់ជាង៥០% គឺ បណ្តាលមកពីការហក់ឡើងនៃតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិជាបន្តបន្ទាប់ បន្ទាប់ពីផ្ទុះសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន។
លោកបន្តថា តាមរយៈការសង្កេតមើលតម្លៃប្រេងលើទៅផ្សារអន្តរជាតិ ថ្លៃប្រេងនៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោកបានមានប្រសាសន៍ទៀតថា «យើងគិតតាំងពីដើមដែលប្រេងសាំងបានចាប់ផ្តើមកើន កើនឡើងប្រហែលជិតបីដងទៅហើយ ហើយប្រទេសកម្ពុជាយើងជាប្រទេសនាំចូលប្រេងសុទ្ធសាធ យើងអត់មានផលិតប្រេងអីខ្លួនឯងទេ ចឹងហើយការនាំចូលនេះតម្លៃកត់ត្រានៃការនាំចូលនេះតម្លៃក៏វាកើនតាមហ្នឹងដែរ។[..] ខ្ញុំសូមជម្រាបថាតាមព័ត៌មានដែលយើងទទួលបាននៃតម្លៃប្រេងអន្តរជាតិដែលហៅថា MOP គឺតម្លៃនេះកើនជានិច្ច ចឹងហើយយើងពិបាកនឹងប៉ាន់ស្មានថាយើងនឹងធ្លាក់ចុះវិញនៅពេលណា ពីមួយថ្ងៃទីមួយថ្ងៃវាមានការប្រែប្រួល ហើយមានការកើនឡើង ក៏ប៉ុន្តែក៏មានថ្ងៃវាធ្លាក់ចុះដែរបើធៀបនឹងថ្ងៃ ក៏ប៉ុន្តែវាមិនចុះត្រលប់មកសភាពដើម ដូចមុនពេលមានព្រឹត្តិការណ៍សង្រ្គាមដែរ»។
បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ ត្រូវបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ បើទោះបីជាបច្ចុប្បន្ននេះតម្លៃប្រេងឥន្ធនៈនៅកម្ពុជាប្រេងថ្លៃបន្តិចមែន ប៉ុន្តែកម្ពុជាមិនទាន់ប្រឈមនឹងកង្វះខាត ប្រេងសម្រាប់ផ្គត់ផ្គង់ ក្នុងប្រទេសនៅឡើយទេ ដោយក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុនឯកជន អនុវត្តយុទ្ធសាស្រ្តស្តុកប្រេង សម្រាប់ផ្គត់ផ្គង់ និងបម្រើការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ឱ្យបានយ៉ាងហោចណាស់២០ថ្ងៃ។
យោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីសប្តាហ៍មុន តម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិ ថ្លៃជាមធ្យមជាង១៤៩ដុល្លារក្នុងមួយប៉ារ៉ែល និងប្រេងម៉ាស៊ូត ថ្លៃជាមធ្យម១៧៩ដុល្លារក្នុងប៉ារ៉ែល។ តម្លៃប្រេងសាំងលក់រាយតាមស្ថានីយ៍នានា ក្នុងរយៈពេល១០ថ្ងៃនេះ ថ្លៃ៥៨០០រៀលក្នុងមួយលីត ម៉ាស៊ូត ៦៣០០រៀលក្នុងមួយលីត្រ និងសាំងស៊ុបពែរថ្លៃ៦៤០០រៀលក្នុងមួយលីត្រ៕