(ម៉ូស្គូ)៖ រុស្ស៊ីបានឱ្យដឹងថា ការទូទាត់សងបំណុលរបស់ខ្លួនចំនួនពីរត្រូវបានរារាំងដោយប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដែលមិនបានធ្លាក់ទៅដល់ម្ចាស់បំណុលបរទេសរបស់ខ្លួន ដែលជំរុញឱ្យប្រទេសនេះខិតទៅជិតការបរាជ័យសងបំណុលបរទេសលើកដំបូងក្នុងរយ:ពេលមួយសតវត្សរ៍ ដោយសារការដាក់ទណ្ឌកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចបានកាត់ផ្តាច់ប្រទេសនេះយ៉ាងទូលំទូលាយចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដែលធ្វើឱ្យទីក្រុងម៉ូស្គូមានការលំបាកក្នុងការសងបំណុលរបស់ខ្លួន។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP អាជ្ញាធររុស្ស៊ីទទូចថា ពួកគេមានមូលនិធិដើម្បីសងបំណុលរបស់ប្រទេសខ្លួន ដោយហៅបញ្ហាប្រឈមនេះថាជា «អាក្រក់» និងបានចោទប្រកាន់ប្រទេសលោកខាងលិចថាកំពុងព្យាយាមជំរុញទីក្រុងមូស្គូឱ្យធ្លាក់ចូលទៅក្នុងការបរាជ័យសងបំណុលបែបសិប្បនិម្មិត ដែលមានន័យថាការបរាជ័យសងបំណុលដោយសារការរារាំងដោយប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីបំណុលមួយបានផុតកំណត់សងនៅថ្ងៃអាទិត្យថា៖ «មិនមានហេតុផលណាមួយដើម្បីហៅស្ថានភាពនេះថាជាការបរាជ័យសងបំណុលទេ»។
លោកបានមានប្រសាសន៍ថា៖ «ការអះអាងទាំងនេះអំពីការបរាជ័យសងបំណុលនេះគឺជាការខុសទាំងស្រុង»។ លោកបន្ថែមថា រុស្ស៊ីបានសងបំណុលរួចហើយនៅខែឧសភា។
រយៈពេលអនុគ្រោះ ៣០ថ្ងៃសម្រាប់ការទូទាត់ការប្រាក់ចំនួន ១០០ លានដុល្លារអាមេរិកបានផុតកំណត់នៅយប់ថ្ងៃអាទិត្យ ដែលភាគច្រើនត្រូវបង់ជារូបិយប័ណ្ណបរទេស។
ប្រទេសរុស្ស៊ីបានព្យាយាមធ្វើការទូទាត់ ប៉ុន្តែក្រសួងហិរញ្ញវត្ថុរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា លុយនោះមិនត្រូវបានផ្ទេរទៅឱ្យម្ចាស់បំណុលទេ។
ក្រសួងហិរញ្ញវត្ថុរុស្ស៊ីបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធផាត់ទាត់និងទូទាត់អន្តរជាតិ «បានទទួលប្រាក់ពេញលេញជាមុន» ប៉ុន្តែប្រាក់នោះមិនត្រូវបានផ្ទេរទៅឱ្យអ្នកទទួលចុងក្រោយទេ ដោយសារ «វិធានការរបស់ភាគីទីបី»។
សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា៖ «សកម្មភាពរបស់អន្តរការីហិរញ្ញវត្ថុបរទេសគឺហួសពីការគ្រប់គ្រងរបស់ក្រសួងហិរញ្ញវត្ថុរុស្ស៊ី»៕