(កូឡុំបូ)៖ ប្រទេសស្រីលង្កាបានឡើងថ្លៃប្រេងឥន្ធនៈកាលពីថ្ងៃអាទិត្យ ដែលបង្កើតផលលំបាកបន្ថែមទៀតដល់ប្រជាជនរបស់ខ្លួន ខណៈដែលក្រុមមន្ត្រីអាមេរិកបានទៅដល់ប្រទេសនេះហើយដើម្បីពិភាក្សាអំពីកាត់បន្ថយវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងររបស់កោះនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ក្រុមហ៊ុន Ceylon Petroleum Corporation (CPC) បានដំឡើងថ្លៃប្រេងម៉ាស៊ូត ដែលប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការដឹកជញ្ជូនសាធារណៈចំនួន ១៥ភាគរយដល់ ៤៦០រូពី (១,២៧ដុល្លារអាមេរិក) ក្នុងមួយលីត្រ ខណៈប្រេងសាំងកើនឡើង ២២ភាគរយដល់ ៥៥០រូពី (១,៥២ដុល្លារ)។
ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងថាមពល Kanchana Wijesekera ស្រីលង្កាបាននិយាយថា នឹងមានការពន្យារពេលមិនកំណត់ក្នុងការទទួលបានប្រេងមកថ្មី។
លោក Wijesekera បាននិយាយថា ប្រេងដែលដល់ពេលកំណត់ទៅដល់ស្រីលង្កាកាលពីសប្តាហ៍មុនមិនបានទៅដល់តាមកាលកំណត់ទេ ខណៈដែលកប៉ាល់ដឹកប្រេងដែលគ្រោងនឹងទៅដល់ប្រទេសនេះនៅសប្តាហ៍ក្រោយ ក៏នឹងមិនទៅបានដល់ប្រទេសនេះដែរ ដោយសារបញ្ហាធនាគារ។ លោក Wijesekera បានសុំទោសអ្នកបើកបរជាម្ចាស់យានយន្តទាំងអស់ និងបានជំរុញពួកគេមិនឱ្យចូលរួមតម្រង់ជួរដ៏វែងនៅខាងស្ថានីយ៍ប្រេង។
មនុស្សជាច្រើនបានទុកយានជំនិះរបស់ពួកគេនៅក្នុងជួរដែលរង់ចាំចាក់បំពេញប្រេង ដោយសង្ឃឹមថានឹងទទួលបានប្រេងនៅពេលដែលការនាំចូលប្រេងថ្មីនឹងមកដល់។
ប្រភពផ្លូវការបាននិយាយថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលនៅសល់របស់កោះនេះគឺគ្រប់គ្រាន់សម្រាប់រយៈពេលប្រហែលពីរថ្ងៃប៉ុណ្ណោះ តែអាជ្ញាធរកំពុងរក្សាទុកសម្រាប់សេវាកម្មសំខាន់ៗ។
ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងកូឡុំបូ បាននិយាយថា គណៈប្រតិភូមកពីក្រសួងរតនាអាមេរិក និងក្រសួងការបរទេសអាមេរិកបានទៅដល់ស្រីលង្កាហើយសម្រាប់កិច្ចពិភាក្សាដើម្បី «ស្វែងរកមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សហរដ្ឋអាមេរិកក្នុងការគាំទ្រដល់ប្រជាជនស្រីលង្កាដែលត្រូវការជំនួយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕