(ហាណូយ)៖ កប៉ាល់នេសាទពាក់កណ្តាលក្នុងប្រទេសវៀតណាមបានផ្អាកចេញទៅសមុទ្រដើម្បីនេសាទ ដោយសារតម្លៃប្រេងម៉ាស៊ូតខ្ពស់ធ្វើឱ្យពួកគេមិនចំណេញ ដែលបង្កបញ្ហាប្រឈមចំពោះខ្សែចង្វាក់ផ្គត់ផ្គង់ និងអធិបតេយ្យភាពដែនសមុទ្រជាតិ។ នេះបើយោងតាមកាសែត VN Express International របស់វៀតណាម។
កាសែត VN Express International បានរាយការណ៍ដោយដកស្រង់សំដីរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមថា ដោយសារតម្លៃប្រេងម៉ាស៊ូតកើនឡើង ១,៧ដងគិតចាប់តាំងពីដំណាច់ឆ្នាំមុនមក ថ្លៃដើមប្រតិបត្តិការទូកនេសាតបានកើនឡើងពី ៣៥ ទៅ ៤៨ភាគរយ ខណៈដែលតម្លៃអាហារសមុទ្របានឡើងតិចតួចប៉ុណ្ណោះ។
ក្រសួងកសិកម្មឱ្យដឹងទៀតថា កត្តានេះបង្កជាការរំខានដល់ចង្វាក់ផ្គត់ផ្គង់ ហើយអវត្តមាននាវារបស់វៀតណាមក្នុងសមុទ្រក៏មានការប៉ះពាល់ដល់អធិបតេយ្យភាពដែនសមុទ្ររបស់ប្រទេសផងដែរ។
ក្រសួងបានស្នើទៅរដ្ឋាភិបាលវៀតណាមថា ម្ចាស់កប៉ាល់នេសាទណាដែលមិនចេញទៅសមុទ្រគួរតែទទួលបានប្រាក់ឧបត្ថម្ភពី ៣ ទៅ ៤,៤លានដុងក្នុងមួយខែសម្រាប់រយៈពេលប្រាំមួយខែ។
គិតត្រឹមដំណាច់ឆ្នាំមុន វៀតណាមមានកប៉ាល់នេសាទចំនួន ៩១ ៧២០គ្រឿង។
មនុស្សជាង ៦សែននាក់បានចូលរួមសកម្មភាពនេសាទនៅក្នុងសមុទ្រជ្រៅ ខណៈពេលដែលអ្នកនេសាទជិតបួនលាននាក់ធ្វើការនៅជិតច្រាំង។ នេះបើយោងតាមកាសែត VN Express International៕