(ភ្នំពេញ)៖ បើមិនមានអ្វីប្រែប្រួលនោះទេ ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្ដើមផាកពិន័យ ចំពោះអ្នករកស៊ីធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (អនឡាញ) ដែលមិនបានចុះបញ្ជីពាណិជ្ជកម្ម ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ចំពោះអាជីវកម្មអនឡាញ ដែលមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងអាចមានការផ្ដន្ទាទោស ដូចមានចែងក្នុងច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាដល់ការកំណត់ហើយ នៅតែបន្ដមិនមកធ្វើអាជ្ញាបណ្ណពាណិជ្ជកម្ម វាអាចធ្វើឲ្យយើងធ្លាក់ទៅក្នុងការផាកពិន័យ របស់ក្រសួងពាណិជ្ជកម្ម ទៅតាមច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ»។
បន្ថែមពីនោះទៀត មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ បានអះអាងថា ក្រសួងពាណិជ្ជកម្ម មានកិច្ចសហការយ៉ាងជិតស្និទ្ធិ ជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាក្រសួងពាក់ព័ន្ធសម្រាប់កិច្ចការ ក្នុងការពិនិត្យឃ្លាំមើលសកម្មភាពនៃការលក់ ឬក៏ប្រើប្រាស់បណ្ដាញអនឡាញ ដើម្បីធ្វើអាជីវកម្ម។
បើតាមលោក ប៉ែន សុវិជាតិ មកដល់ពេលនេះ ក្រសួងទទួលបានការស្នើសុំជាង ៣០០ពាក្យស្នើសុំ និងបានធ្វើការចុះបញ្ជីបានមួយចំនួន ទាំងការចុះបញ្ជី និងផ្ដល់អាជ្ញាបណ្ណ ក៏ប៉ុន្ដែនៅសល់ពាក្យ ស្នើសុំមួយចំនួនទៀត ដែលបានដាក់ស្នើសុំ មិនទាន់បានឆ្លើយតបទៅវិញ ដោយសារមានការខ្វះខាតឯកសារមួយចំនួន ដើម្បីណែនាំឲ្យមានការបំពេញបន្ថែម។
ជាមួយគ្នានេះ លោក ប៉ែន សុវិជាតិ បានលើកឡើងថា សម្រាប់ការអនុវត្ដកន្លងមក ឃើញថា ប្រជាពលរដ្ឋជាធុរជន ដែលរកអាជីវកម្មតាមប្រព័ន្ធអនឡាញ ជារូបវន្ដបុគ្គលក្ដី ជានីតិបុគ្គលក្ដី មានការយល់ដឹងច្រើន និងការស្នើសុំជាបន្ដបន្ទាប់ ដែលបង្ហាញពីស្មារតី នៃការយល់ដឹងអំពីកាតព្វកិច្ចដែលត្រូវតែធ្វើ ដើម្បីឆ្លើយតបនឹងតម្រូវការ ជាលក្ខខណ្ឌបទប្បញ្ញត្តិគតិយុត្ដ ដែលក្រសួង ឬក៏រាជរដ្ឋាភិបាល បានតម្រូវ។
សូមរំលឹកថា ប្រភេទអាជីវកម្ម តាមអនឡាញចំនួន៦ ត្រូវលើកលែង ដោយមិនចាំបាច់ទៅចុះបញ្ជីនោះទេ ដែលសកម្មភាពទាំងនោះរួមមាន៖
ទី១៖ បើអ្នកគ្រាន់តែផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញ ឬសេវារបស់ខ្លួន ដែលមិនបង្កើតជាសំណើ នៃកិច្ចសន្យាមានន័យថា អ្នកគ្រាន់តែធ្វើការផ្សព្វផ្សាយ ដូចជាអ្នកមានទំនិញកសិផលល្អ ប៉ុន្ដែអ្នកអត់បានប្រកាស អំពីតម្លៃរបស់កសិផលរបស់អ្នក គឺដោយមិនបង្កើតសំណើជាកិច្ចសន្យា ដូច្នេះត្រូវបានលើកលែង ព្រោះអ្នកមិនបានផ្ដល់សេវាពាណិជ្ជកម្មទិញ-លក់ទេ (ប៉ុន្តែត្រូវឲ្យច្បាស់ថា អ្នកមិនផ្ដល់សេវាទិញ-លក់)។
ទី២៖ ការកក់បម្រុងទុកនូវសេវា ដែលមិនមានការកក់ប្រាក់ គឺអាចផ្ដល់ព័ត៌មានផ្សេងៗសម្រាប់អតិថិជន ឬអ្នកប្រើប្រាស់របស់អ្នក មានន័យថា មានការជជែកជាមួយអ្នកបាន ប៉ុន្ដែមិនមានសេវាកក់ប្រាក់ឡើយ ជារួមគឺមិនមានបង្កើតសំណើនៃកិច្ចសន្យានោះទេ ដូច្នេះក៏មិនចាំបាច់ចុះបញ្ជីដែរ។
ទី៣៖ ការលក់ទំនិញ ឬសេវារបស់រូបវន្តបុគ្គល ដែលមានផលរបបក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច មានន័យថា ប្រសិនបើអ្នករកស៊ី ស្ថិតនៅការរកស៊ីក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច (ក្រោម ២៥០លានរៀលក្នុង១ឆ្នាំ) គឺមិនចាំបាច់ចុះបញ្ជី ដោយត្រូវបានលើកលែងផងដែរ ប៉ុន្តែក៏ត្រូវសិក្សាឲ្យច្បាប់ថា តើអ្នករកស៊ីស្ថិតនៅក្រោមកម្រិតផលរបប ជាអ្នកជាប់ពន្ធតូចដែរ ឬទេ?
ទី៤៖ ការលក់ទំនិញ ឬផ្ដល់សេវា ដែលមានលក្ខណគ្រួសារតាមរដូវកាល។ ឧទាហរណ៍ដូចជាអ្នកចំការខ្លះ គាត់ផ្សព្វផ្សាយលើបណ្ដាញសង្គម ដោយគាត់ដាក់ថា រដូវស្វាយដល់ហើយ ឬទុរេនដល់ហើយ ប៉ុន្ដែគាត់មិនបានដាក់លក់ជាប់ជាប្រចាំនោះទេ គឺគ្រាន់តែមានកសិផល ទៅតាមរដូវដាំណាំរបស់គាត់ប៉ុណ្ណោះ ដូច្នេះគឺមិនចាំបាច់ត្រូវសុំលិខិតអនុញ្ញាតនោះទេ ព្រោះសេវាដែលផ្ដល់ឲ្យមានរយៈកាលកំណត់ ជាក់លាក់ ទោះបីជាវាបង្កើតសំណើនៃកិច្ចសន្យាក៏ពិតមែន ប៉ុន្តែវាមិនប្រព្រឹត្តិទៅជាប់ជាប្រចាំ មិនដូចជាអាជីវកម្ម ឬការផ្ដល់សេវាពាណិជ្ជកម្ម ដែលមានលក្ខណៈអចិន្រ្តៃយ៍ទេ។
ទី៥៖ ការលក់ទំនិញជាស្នាដៃសិល្បៈ ឧទាហរណ៍ដូចជាអ្នកគូរគំនូរ ហើយពួកគាត់បានយកគំនូរទៅដាក់តាំងបង្ហាញនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថាខ្លួនបានគូរ ឬមួយវិញទៀតជាអ្នកឆ្លាក់ ក៏មិនតម្រូវឲ្យពួកគាត់មកសុំលិខិតអនុញ្ញាតដែល ព្រោះវាជាស្នាដៃសុទ្ធសាតរបស់ខ្លួន។
ទី៦៖ ការបង្ហាត់បង្រៀនសិស្ស តាមប្រព័ន្ធអនឡាញជាឯកជន ឬការបង្ហាត់បង្រៀន ជាសិក្ខាសាលា។-ល-។ ក៏ក្រសួងមិនតម្រូវចុះបញ្ជីដែរ។
លោក ប៉ែន សុវិជាតិ បញ្ជាក់ថា ចំពោះបុគ្គល ឬបងប្អូនធុរជន ដែលមិនច្បាស់ពីការចុះបញ្ជីនេះ អាចទៅធ្វើការសាកសួរ នៅក្រសួងពាណិជ្ជកម្ម ព្រោះក្រសួងមិនមែនទទួលចុះបញ្ជីទាំងអស់នោះទេ គឺក្រសួងនឹងផ្ដល់ព័ត៌មានពន្យល់ដល់បងប្អូនធុរជនដើម្បីដឹងថា ខ្លួនត្រូវជាប់កាតព្វកិច្ចចុះបញ្ជី ឬជាប់កាតព្វកិច្ច ត្រូវចុះបញ្ជី ឬស្ថិតនៅក្រោមការលើកលែង។
សេវាចុះបញ្ជីពាណិជ្ជកម្ម សម្រាប់អ្នករកស៊ីអនឡាញ នៅក្រសួងពាណិជ្ជកម្ម មានតម្លៃសេវាសាធារណៈត្រឹមតែ២០ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់រូបវន្តបុគ្គល និង៤០ម៉ឺនរៀលសម្រាប់នីតិបុគ្គល ដែលមានសុពលភាពរយៈពេល២ឆ្នាំ៕