(ភ្នំពេញ)៖ ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុរបស់ចិននៅកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ មានទឹកប្រាក់ចំនួន២០៦លានដុល្លារ កើនឡើង៣៥.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការទូតសេដ្ឋកិច្ច ក្នុងគន្លងប្រក្រតីភាពថ្មី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh លោក វ៉ាង វិនធាន បានថ្លែងថា ចាប់តាំងពីដើមឆ្នាំ២០២២មក លទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានលក្ខណៈលេចធ្លោ ដោយរក្សាបានកំណើនលំនឹងថេរ និងមានសុខុមាលភាពជាលំដាប់ ស្របពេលដែល សេដ្ឋកិច្ចរបស់ចិនក្នុងឆ្នាំ២០២២នេះ បានចាប់ផ្តើមក្នុងសភាពលំនឹងថេរ។ ពោលគឺនៅក្នុងត្រីមាសទី១នេះ សេដ្ឋកិច្ចចិនមានកំណើនសេដ្ឋកិច្ច ៤.៨% ដែលជាប់ចំណាត់ថ្នាក់នាំមុខគេ។
លោកបន្តថា «ក្រោមបរិបទជំងឺកូវីដ១៩ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជាមានលក្ខណៈកើនឡើង ទោះបីជួបបញ្ហាកូវីដ១៩ក៏ដោយ។ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជា សម្រេចបានគោលដៅ១០ពាន់លានដុល្លារអាមេរិកមុនការគ្រោងទុក ដែលឈានដល់ ១១.១៩៤ពាន់លានដុល្លារអាមេរិក កើនឡើង៣៨ %បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ ក្នុងរយៈពេលដូចគ្នានេះដែរ កម្ពុជាបានទាក់ទាញការវិនិយោគចិនមានចំនួន២.៣២ពាន់លានដុល្លារអាមេរិក មានកំណើនជិត៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ការវិនិយោគចិនមានចំនួន៥៣.៤% នៃចំនួនវិនិយោគសរុបបាន បន្តក្លាយជាប្រភពវិនិយោគធំជាងគេសម្រាប់កម្ពុជា»។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កត្តាដែលជំរុញឱ្យចិន នៅតែលំដាប់ខ្ពស់ដែលមកវិនិយោគនៅកម្ពុជា បើទោះបីជាប្រទេសនេះ មិនទាន់បើកទូលាយការចេញចូលក៏ដោយ ដោយសារចិន និងកម្ពុជា ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ក្នុងការអនុវត្តគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។
លោកបន្តថា កត្តាអំណោយផលមួយទៀត គឺប្រទេសទាំងពីរកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដែលជំរុញឱ្យប្រទេសនេះ និងប្រទេសផ្សេងទៀតមកវិនិយោគនៅកម្ពុជា ស្របពេលដែលច្បាប់វិនិយោគថ្មីរបស់កម្ពុជា បានផ្តល់ការលើកទឹកចិត្តយ៉ាងច្រើន ដល់បណ្តាវិនិយោគគិនបរទេស។ ទន្ទឹមការកើតមានសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិក នឹងធ្វើឱ្យក្រុមហ៊ុនចិនជាច្រើនមកបន្តវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទៅអាមេរិក ក្នុងការទទួលបានការអនុគ្រោះពន្ធ GSP ។
លោកបន្តថា «ក្រោយគោលនយោបាយកូវីដសូន្យ របស់ប្រទេសចិនចប់ ខ្ញុំជឿថា ប្រទេសកម្ពុជាយើងនៅតែជាប្រទេសគោលដៅ ទាក់ទាញវិនិយោគចិនមកពីប្រទេសចិន នៅតែមានការកើនឡើង មិនត្រឹមតែវិស័យកាត់ទេ គឺគ្រប់វិស័យ ដូចជាអនុវិស័យឧស្សាហកម្មធន់ធ្ងន់ និងមធ្យមដែលកំពុងដំណើរការបណ្តើរៗ ផ្នែករ៉ែ លោហៈ ជាពិសេសវិស័យកសិកម្ម ដែលយើងឃើញថា ក្រុមហ៊ុនចិនកំពុងសំឡឹងមកប្រទេសកម្ពុជា កាន់តែច្រើនផងដែរ»។
តាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២១ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា (NBC) កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ លំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជា មានចំនួន៣.៥ ពាន់លានដុល្លារ ធ្លាក់ចុះ ៣.៩ភាគរយធៀបនឹងឆ្នាំ២០២០។ លំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ ៣% និងក្នុងវិស័យមិនមែនហិរញ្ញវត្ថុបានធ្លាក់ចុះ ៤.៤ ភាគរយ។
ធនាគារជាតិ បានកត់សម្គាល់ថា លំហូរនៃវិនិយោគបរទេសលើវិស័យលំនៅដ្ឋានធ្លាក់ចុះ ៤៣% វិស័យកសិកម្ម ២២.៣% និងវិស័យទូរគមនាគមន៍ ១១.១%។ តែយ៉ាងនេះក្តី វិស័យផ្សេងទៀតបង្ហាញកំណើនដ៏ប្រសើរ នៃលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ដូចជាវិស័យផលិតកម្មមានកំណើន ២១.៣% , វិស័យអចលនទ្រព្យមានចំណើន ១.១% និងវិស័យថាមពលកើនឡើង៤.៣%។
លំហូរនៃវិនិយោគបរទេសមកកម្ពុជា ភាគច្រើនចេញចេញមកពីតំបន់អាស៊ី ជាពិសេសប្រទេសចិន ដែលមានចំនួនជិត៥០ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសសរុប ដែលធ្វើឱ្យប្រទេសនេះឈរនៅលំដាប់ទី១។ ការវិនិយោគរបស់ចិន ផ្តោតជាចម្បងទៅលើវិស័យផលិតកម្ម, ហិរញ្ញវត្ថុ, សំណង់, អចលនទ្រព្យ និងលំនៅដ្ឋាន។ ចំណែកប្រទេសនៅអាស៊ី ដែលនាំទុនមកវិនិយោគនៅកម្ពុជាទៀតនោះ រួមមានប្រទេសសិង្ហបុរី មានចំនួន ៨.៣% កូរ៉េខាងត្បូង ៨.១% ជប៉ុន ៥.៩% ថៃ ៤.៤% និង ម៉ាឡេស៊ី ៣.៨%៕