(ក្រុងឡុងដ៍)៖ ប្រទេសថៃ និងចក្រភពអង់គ្លេសមានបំណងជំរុញពាណិជ្ជកម្មទ្វេភាគីឡើងវិញរវាងប្រទេសទាំងពីរឱ្យដល់ ៧ប៊ីលានដុល្លារឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន បន្ទាប់ពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ខណៈថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរួមលើកដំបូងរវាងប្រទេសថៃ និងចក្រភពអង់គ្លេសនៅទីក្រុងឡុងដ៍កាលពីថ្ងៃអង្គារថា កិច្ចប្រជុំនេះបានផ្តល់ឱកាសថ្មីដ៏សំខាន់មួយដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី រួមទាំងការដោះស្រាយរបាំងពាណិជ្ជកម្មដែលប៉ះពាល់ដល់សកម្មភាពអាជីវកម្មនៅក្នុងប្រទេសទាំងពីរផងដែរ។
យោងតាមលោក Jurin អ្នកចូលរួមក្នុងកិច្ចប្រជុំបានពិភាក្សាអំពីភាពជាដៃគូដែលមានសក្តានុពលក្នុងវិស័យចំនួន៦ រួមមាន ឌីជីថល កសិកម្ម អាហារនិងភេសជ្ជៈ ការថែទាំសុខភាព សេវាហិរញ្ញវត្ថុ ក៏ដូចជាសកម្មភាពជំរុញពាណិជ្ជកម្មនិងការវិនិយោគ។
លោកបានថ្លែងថា ភាគីទាំងពីរបានឯកភាពពន្លឿនភាពជាដៃគូក្នុងវិស័យទាំង ៦ នេះឱ្យបានឆាប់រហ័ស ខណៈដែលកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់ត្រូវបានចាត់តាំងដើម្បីរៀបចំកិច្ចប្រជុំរួមគ្នារវាងភាគីទាំងពីរ និងរៀបចំផែនការសកម្មភាពដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៧ប៊ីលានដុល្លារ។
លោក Jurin និងលោកស្រី Penny Mordaunt រដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសក៏បានព្រមព្រៀងគ្នាបង្កើតភាពជាដៃគូពាណិជ្ជកម្មដែលប្រសើរឡើង (ETP) នាពេលអនាគតផងដែរ។
ភាពជាដៃគូនេះនឹងចាប់ផ្តើមដាក់ដំណើរការកម្មវិធីការងារប្រកបដោយមហិច្ឆិតាមួយទៀត ដើម្បីបង្កើនពាណិជ្ជកម្មក្នុងវិស័យជាច្រើន ដែលនឹងរួមបញ្ចូលការអនុវត្តកិច្ចសហប្រតិបត្តិការគោលនយោបាយពាណិជ្ជកម្ម ការដោះស្រាយរបាំងពាណិជ្ជកម្ម និងការលើកកម្ពស់សកម្មភាពអាជីវកម្ម និងពាណិជ្ជកម្ម។
ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ តម្លៃពាណិជ្ជកម្មរវាងប្រទេសថៃ និងចក្រភពអង់គ្លេសបានធ្លាក់ចុះពី ៧ប៊ីលានដុល្លារក្នុងឆ្នាំ២០១៧ មកត្រឹម ៥,៥ប៊ីលានដុល្លារកាលពីឆ្នាំមុន។ ចក្រភពអង់គ្លេសគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី២២ របស់ប្រទេសថៃក្នុងឆ្នាំ២០២១ ដែលស្មើនឹង ១% នៃពាណិជ្ជកម្មសរុបរបស់ថៃ ហើយចក្រភពអង់គ្លេសគឺជាអ្នកនាំចេញធំជាងគេទី២៥ ទៅកាន់ប្រទេសថៃក្នុងឆ្នាំ២០២១ ដែលស្មើនឹង ០,៨% នៃការនាំចូលរបស់ប្រទេសថៃ។ អង់គ្លេសគឺជាទីផ្សារនាំចេញធំជាងគេទី១៩ របស់ប្រទេសថៃដែលស្មើនឹង ១,៣% នៃការនាំចេញសរុបរបស់ប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕