(បាត់ដំបង)៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានប្រាប់ទៅប្រជាកសិករថា ដើម្បីអាចឲ្យផ្លែមៀនស្រស់របស់កម្ពុជា អាចនាំចេញទៅប្រទេសចិនបាន លុះត្រាផ្លែមៀនមានគុណភាពខ្ពស់ គ្មានសារធាតុគីមីពុល និងត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស។
ការថ្លែងរបស់លោក ងិន ឆាយ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារប្រេស៊ីដង់ ក្រុងបាត់ដំបង។
កម្មវិធីនេះក៏មានការចូលរួមពីលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម និងប្រតិភូអមដំណើរ ដោយមានការចូលរួមប្រធានមន្ទីរ និងមន្រ្តីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទមកពីខេត្ត បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន , ម្ចាស់ចំការមៀន និងសហគមន៍ដាំមៀនក្នុងខេត្តចំនួនបី សរុបចំនួន៦៤ចំការ, ម្ចាស់រោងចក្រលាងសម្អាត វេចខ្ចប់ផ្លែមៀនចំនួន៧។
លោក ងិន ឆាយ បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាវៃរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានណែនាំ និងផ្តល់អនុសាសន៍ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួចមក ក្រសួងបានយកចិត្តទុកដាក់ពីការរកទីផ្សារកសិផលផ្នែកកសិកម្ម ជូនប្រជាពលរដ្ឋជាប្រចាំ និយាយរួមពីទិន្នផលគ្រប់ប្រភេទ ដោយឡែកពេលនេះ គឺនិយាយអំពីទិន្នផលផ្លែមៀនស្រស់។
លោក ងិន ឆាយ បានបញ្ជាក់ទៅកាន់សហគមន៍នៃម្ចាស់ចំការមៀនស្រស់ទាំងអស់ថា ការនាំចេញទិន្នផលផ្លែមៀនស្រស់ តាមរយ:ក្រុមហ៊ុននាំចេញទៅបាន អាស្រ័យលើទិន្នផលផ្លែមៀនល្អ ដែលអាចក្រុមហ៊ុនរោងចក្រវេចខ្ចប់ទទួលយកបាន មានអនាម័យល្អ សមរម្យ មានគុណភាព តាមស្តង់ដារល្អ។
លោកបានបន្តថា «ម្ចាស់ចំការនីមួយៗដែលខាងរោងចក្រអាចទទួលទិញយកបាន ទាល់តែកសិករបានដាក់ពាក្យស្នើសុំ ទៅអគ្គនាយកដ្ឋានជំនាញនៃក្រសួងកសិកម្ម ឲ្យបានត្រឹមត្រូវ តាមបច្ចេកទេសដោយគ្មានសារធាតុគីមីពុល។ បើចំការផ្លែមៀនណា ធ្វើមិនបានត្រឹមត្រូវតាមស្តង់ដារទេ គឺអ្នកចំការនោះមិនអាចឲ្យម្ចាស់រោងចក្រប្រមូលទិញបានទេ ព្រោះត្រូវមានការឆ្លងកាត់ត្រួតពិនិត្យ ពីក្រសួងជំនាញជាមុនសិន»។
សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយ ក្នុងគោលបំណងផ្សាយព័ត៌មាន ពីនីតិវិធី និងដំណើរការចុះបញ្ជីចំការមៀន និងហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ប្រទេសចិន។
ដើម្បីនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ប្រទេសចិនបានអាស្រ័យលើម្ចាស់ចំការម្នាក់ៗ ត្រូវបានឆ្លងកាត់រៀនសូត្រ៣ ដំណាក់កាលគឺ៖
១៖ វគ្គបណ្តុះបណ្តាលពីមន្រ្តីជំនាញកសិកម្ម មានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។
២៖ ដាក់ពាក្យស្នើសុំទៅក្រសួងកសិកម្ម តាមរយ:មន្ទីរជំនាញតាមខេត្តរៀងៗខ្លួន ដោយភ្ជាប់វិញ្ញាបនបត្របញ្ជាក់ការសិក្សារួច មន្រ្តីជំនាញចុះទៅពិនិត្យមើលចំការជាក់ស្តែង បើពិនិត្យឃើញថាមានគុណភាព សមត្ថភាពល្អ ទើបអាចចូលជាសមាជិកសហគមន៍បាន។
៣៖ ដាក់ពាក្យសុំនាំចេញផ្លែមៀនស្រស់ តាមរយ:មន្ទីរ និងក្រសួងកសិកម្ម ដោយមានកិច្ចសហការ ពីក្រុមហ៊ុនប្រមូលទិញផ្លែមៀនជាអ្នកនាំចេញ។
លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ធ្លាប់បានបញ្ជាក់ឲ្យដឹងថា តាមការរំពឹងទុកក្នុងរដូវប្រមូលផលខាងមុខនេះ ពោលក្នុងខែកញ្ញា ឆ្នាំ២០២២នេះ ផ្លែមៀនស្រស់របស់កម្ពុជា នឹងអាចនាំចេញជាផ្លូវការទៅកាន់ប្រទេសចិន ក្រោយពេលពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅចិន បានចុះហត្ថលេខារួចរាល់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
កម្ពុជាមានផ្ទៃដីដាំមៀនប៉ៃលិន ក្នុងរង្វង់មួយម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានប្រមាណ៨ពាន់ហិកតា ដោយក្នុងមួយហិកតា ទទួលបានផលចន្លោះពី១៥ទៅ២០តោន ដែលក្នុងមួយឆ្នាំៗ ទិន្នផលមៀនប៉ៃលិនប្រមូល បានជាង១០ម៉ឺនតោន៕