(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងការចុះម៉ាកអង្ករសមូហភាព «SKO» នៃពូជស្រូវសែនក្រអូប ០១ និងម៉ាកអង្ករ សមូហភាព «DSMK» នៃពូជស្រូវដំណើបស្បៃមង្គល ដើម្បីបង្កើតអត្តសញ្ញាណអង្ករក្រអូប និងអង្ករដំណើបកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយអង្ករក្រអូបស្រដៀងគ្នានៃប្រទេសផលិតអង្ករក្រអូបផ្សេងទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលបណ្តាញព័ត៌មាន Fresh Newsទទួលបាន។
សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ការចុះបញ្ជីម៉ាកទាំងពីរ នឹងបង្កើនការលក់អង្ករក្រអូបពូជស្រូវសែនក្រអូបនិងអង្ករដំណើបពូជស្រូវដំណើបស្បៃមង្គលនៅលើទីផ្សារអន្តរជាតិ និងដើម្បីនាំយកម៉ាកអង្ករក្រអូបប្រណិត អង្ករក្រអូបកម្ពុជា និងអង្ករដំណើប ទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែកើនឡើងថែមទៀត ព្រមទាំងបង្កើនតម្លៃអង្ករក្រអូប និងអង្ករដំណើប ជូនកសិករកម្ពុជាផងដែរ។
កម្មវិធីសម្ពោធកម្មវិធីសម្ពោធម៉ាកអង្ករសមូហភាព «SKO» នៃពូជស្រូវសែនក្រអូប ០១ និងម៉ាកអង្ករ សមូហភាព «DSMK» នៃពូជស្រូវដំណើបស្បៃមង្គល ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី លោក Anthony Samson តំណាងស្ថានទូត ប្រទេសអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ព្រមទាំងសមាជិក សមាជិកា សហគមន៍កសិករ និងផ្នែកពាក់ព័ន្ធចំនួន២០០នាក់ ៕