(ម៉ូស្គូ)៖ ទិន្នន័យរបស់ក្រុមហ៊ុន Refinitiv Eikon និងប្រភពផ្សេងទៀតបានបង្ហាញថា ប្រទេសរុស្ស៊ីកំពុងបង្កើនការផ្គត់ផ្គង់ប្រេងសាំង និងឥន្ធនៈណាហ្វហ្សា (naphtha) ទៅកាន់ទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា ខណៈដែលប្រទេសនេះពិបាកក្នុងការលក់ឥន្ធនៈនៅអឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ពាណិជ្ជករនានាបាននិយាយថា ក្រុមហ៊ុនប្រេងរុស្ស៊ី នាពេលថ្មីៗនេះបានបង្កើនការផ្គត់ផ្គង់ប្រេងសាំង និងឥន្ធនៈណាហ្វហ្សា (ប្រភេទឥន្ធនៈម្យ៉ាងដែលអាចប្រើជាឥន្ធនៈ ប្រេងសម្អាតដែក និងឧស្ម័នដែលមានអុកតានខ្ពស់) ទៅកាន់ទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ាដែលដឹកចេញពីតំបន់បាល់ទិក។ មុនពេលដាក់ទណ្ឌកម្ម ការផ្គត់ផ្គង់របស់រុស្ស៊ីភាគច្រើនទៅកាន់តំបន់នេះត្រូវបានដឹកចេញពីកំពង់ផែនៅសមុទ្រខ្មៅ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រុមហ៊ុន Refinitiv ថា យ៉ាងហោចណាស់ឥន្ធនៈចំនួន ៥កប៉ាល់ដែលផ្ទុកប្រេងសាំង និងឥន្ធនៈ naphtha ប្រហែល ២៣០ ០០០តោន ត្រូវបានផ្គត់ផ្គង់ក្នុងរយៈពេលពីខែឧសភាដល់ខែមិថុនា ចេញពីកំពង់ផែ Ust-Luga នៅតំបន់បាល់ទិកទៅកាន់ប្រទេសអូម៉ង់ និងទៅកាន់មជ្ឈមណ្ឌលប្រេង Fujairah របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ទិន្នន័យនេះបានបង្ហាញថា ជារួម ការផ្គត់ផ្គង់ឥន្ធនៈ naphtha និងប្រេងសាំងពីកំពង់ផែរុស្ស៊ីទៅកាន់ប្រទេសអូម៉ង់ និងអេមីរ៉ាតអារ៉ាប់រួម មានចំនួនសរុបជិត ៥៥០ ០០០តោននៅឆ្នាំនេះ ខណៈដែលនៅឆ្នាំ២០២១ មិនមានការនាំចេញទៅកាន់ប្រទេសពីរនេះទេ។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Refinitiv Eikon និងពាណិជ្ជករផ្សេងៗបានឱ្យដឹងថា ប្រទេសនីហ្សេរីយ៉ា និងម៉ារ៉ុក គឺជាគោលដៅសំខាន់ក្នុងទ្វីបអាហ្រ្វិក សម្រាប់ប្រេងសាំង និងឥន្ធនៈ naphtha របស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈពេលដែលកប៉ាល់ដឹកឥន្ធនៈជាច្រើនក៏ដឹកទៅកាន់ប្រទេសសេណេហ្គាល់ ស៊ូដង់ កូតឌីវ័រ និងតូហ្គោផងដែរ។
យោងតាមប្រភពដដែល ការផ្គត់ផ្គង់ប្រេងសាំង និង naphtha របស់រុស្សីប្រចាំខែជារួមទៅតំបន់នេះមានប្រហែល ២០០ ០០០តោនក្នុងអំឡុងពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងបរិមាណដែលបានដឹកជញ្ជូនពីទីតាំងស្តុកនៅក្នុងកំពង់ផែរបស់ប្រទេសឡេតូនី និងអេស្តូនី។
ទីភ្នាក់ងាររ៉យទ័របានរាយការណ៍ថា ការនាំចេញប្រេងម៉ាស៊ូតរបស់រុស្ស៊ីទៅកាន់បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកបានកើនឡើងផងដែរគឺដល់ ១ លានតោនគិតចាប់តាំងពីដើមឆ្នាំនេះមក ដែលកើនឡើងពី ០,៨លានតោនក្នុងខែមករាដល់ខែមិថុនា ឆ្នាំ២០២១ ដោយមានប្រទេសសេណេហ្គាល់ និងតូហ្គោជាគោលដៅកំពូល។
នៅក្នុងខែឧសភា ប្រេងឥន្ធនៈរបស់រុស្ស៊ីដែលបានដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលប្រេង Fujairah របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ៕