(កូឡុំបូ)៖ អ្នកការទូតកំពូលរបស់ឥណ្ឌានៅថ្ងៃព្រហស្បតិ៍ បានជួបពិភាក្សាជាមួយប្រធានាធិបតី និងនាយករដ្ឋមន្រ្តីស្រីលង្កា ខណៈដែលឥណ្ឌាបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការផ្តល់ប្រាក់កម្ចីលើសពី ៤ ប៊ីលានដុល្លារដែលខ្លួនបានផ្តល់ឱ្យរួចហើយ និងជំនួយផ្សេងទៀតដល់ប្រទេសជិតខាងដែលខ្វះខាតសាច់ប្រាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់មន្ត្រីឥណ្ឌាថា រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Vinay Kwatra អមដោយមន្ត្រីក្រសួងហិរញ្ញវត្ថុបានជួបពិភាក្សាជាមួយប្រធានាធិបតី Gotabaya Rajapaksa និងនាយករដ្ឋមន្ត្រី Ranil Wickremesinghe នៅក្នុងរដ្ឋធានីកូឡុះបូរបស់ស្រីលង្កា។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Bagchi បានឱ្យដឹងនៅលើ Twitter ថា៖ «ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយស្រីលង្កាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស តាមរយៈការលើកកម្ពស់ការវិនិយោគ ការតភ្ជាប់ និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច»។
មន្ត្រីមួយរូបមកពីការិយាល័យនាយករដ្ឋមន្ត្រីស្រីលង្កាបាននិយាយថា ក្រុមមន្ត្រីឥណ្ឌាបានរៀបចំកិច្ចប្រជុំដាច់ដោយឡែកមួយជាមួយលោក Wickremesinghe ទេសាភិបាលធនាគារកណ្តាល និងមន្ត្រីក្រសួងហិរញ្ញវត្ថុស្រីលង្កា។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសស្រីលង្កាថា៖ «គណៈប្រតិភូឥណ្ឌាក៏នឹងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ស្រីលង្កាស្តីពីស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស និងលក្ខខណ្ឌតម្រូវជំនួយរយៈពេលខ្លី និងរយៈពេលវែងផងដែរ»។
លោកនាយករដ្ឋមន្ត្រី Wickremesinghe បានប្រាប់សភាស្រីលង្កានៅសប្តាហ៍នេះថា ប្រទេសឥណ្ឌាគឺជាប្រភពជំនួយបរទេសដ៏សំខាន់ដល់ស្រីលង្កាក្នុងឆ្នាំនេះ ដោយផ្តល់សាច់ប្រាក់កម្ចី ៤ប៊ីលានដុល្លារអាមេរិក។
ក្រុមមន្ត្រីស្រីលង្កាបាននិយាយថា ឥណ្ឌាក៏កំពុងពិភាក្សាផងដែរអំពីការគាំទ្របន្ថែម រួមទាំងផ្តល់កម្រិតឥណទាន (credit line) ចំនួន ៥០០លានដុល្លារអាមេរិកសម្រាប់ឥន្ធនៈ និងជំនួយក្នុងការនាំចូលជី និងអង្ករ ខណៈដែលស្រីលង្កាព្យាយាមទប់ទល់នឹងវិបត្តិស្បៀងអាហារ។
ប្រទេសស្រីលង្កាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលប្រាំពីរទស្សវត្សរ៍ ដោយខ្វះខាតរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរដែលរារាំងដល់ការនាំចូលទំនិញសំខាន់ៗ រួមទាំងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕