(មណ្ឌលគិរី)៖ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេបូឌា) លីមីធីត (RENAISSANCE MINERAL CAMBODIA LIMITED) លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានពន្ធដារ ចុះទស្សនកិច្ចសិក្សាស្វែងយល់អំពីប្រតិបត្តិការរុករករ៉ែរបស់ក្រុមហ៊ុន នៅទីតាំងការដ្ឋានរ៉ែមាស តំបន់អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចនេះ បានទទួលស្វាគមន៍ដោយលោក Morgan Hart នាយកប្រតិបត្តិ និងលោក Brett Dunnachie ប្រធានផ្នែកហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកជំនាញពាក់ព័ន្ធរបស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេបូឌា) លីមីធីត។
គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីសិក្សាស្វែងយល់អំពី ១៖ ស្ថានភាពជាក់ស្តែង និងសក្តានុពលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងចំណូលផ្សេងទៀតពីវិស័យធនធានរ៉ែ និង២៖ សិក្សាដកពិសោធន៍ ដើម្បីរៀបចំយន្តការក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ឲ្យបានល្អប្រសើរបន្ថែមទៀត ដោយសិក្សា និងរៀបចំបង្កើតស្តង់ដារ នៃការអនុវត្តនិងអនុលោមភាព សម្រាប់គម្រោងវិនិយោគផ្សេងទៀត ក្នុងវិស័យដូចគ្នានេះ។
គណៈប្រតិភូ បានស្តាប់បទបង្ហាញរបស់លោក Morgan Hart នាយកប្រតិបត្តិក្រុមហ៊ុនអំពីស្ថានភាពទូទៅ ការរុករក លទ្ធផលនៃការសិក្សានិងប្រតិបត្តិការ ការគ្រប់គ្រងផលប៉ះពាល់លើបរិស្ថាន និងសង្គម ការការពារសុខុមាលភាពនិងជីវភាពរស់នៅកម្មករនិយោជិត និងផែនការសម្រាប់អនុវត្តបន្ត។ គណៈប្រតិភូ ក៏បន្ដចុះពិនិត្យដំណើរការនៃប្រតិបត្តិការរុករក និងចម្រាញ់រ៉ែតាមខ្សែចង្វាក់ផលិតកម្ម។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន និងសូមលើកទឹកចិត្តឲ្យក្រុមហ៊ុន ជំរុញឲ្យបន្តអនុវត្តការអភិវឌ្ឍប្រកបដោយ ការទទួលខុសត្រូវចំពោះសង្គម និងបរិស្ថានការយកចិត្តទុកដាក់អនុវត្ដស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជាពិសេស សហគ្រាសមានតម្លាភាព ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងបង្ហាញអំពីអនុលោមភាពសារពើពន្ធខ្ពស់ ដែលជាគុណប្រយោជន៍នៃថវិកាជាតិ ទាំងទិដ្ឋភាពចំណូលសារពើពន្ធ ព្រមទាំងចំណូលមិនមែនសារពើពន្ធ។
លោក គង់ វិបុល បានលើកឡើងថា ទោះបីជាឆ្លងកាត់ក្នុងដំណាក់កាលដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ក៏ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេបូឌា) លីមីធីត ពុំបានផ្អាកសកម្មភាព ហើយនៅតែបន្តនិរន្តរភាពនិងប្រតិបត្តិការរបស់ខ្លួនរហូតមក។
ដោយផ្អែកលើកម្រិតអនុលោមភាពសារពើពន្ធខ្ពស់ អគ្គនាយកដ្ឋានពន្ធដារ នឹងពិនិត្យផ្តល់ជូននូវ «វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទមាស (GOLD Certificate)» ដែលបញ្ជាក់នូវកម្រិតអនុលោមភាពខ្ពស់ ជូនក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេបូឌា) លីមីធីត (RENAISSANCE MINERAL CAMBODIA LIMITED)។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា កន្លងមក អគ្គនាយកដ្ឋានពន្ធដារ ជួបប្រទះនឹងឧបសគ្គនិងបញ្ហាប្រឈមយ៉ាងខ្លាំង ចំពោះវិស័យធនធានរ៉ែ ដោយក្រុមហ៊ុនវិនិយោគមួយចំនួន ក្នុងវិស័យនេះ ពុំបានផ្តល់កិច្ចសហការពេញលេញ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ដោយពុំបានផ្តល់បញ្ជិកាគណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ និងឯកសារលើពាក់ព័ន្ធ ហើយប្រកាសនិងបង់ប្រាក់ពន្ធទាប ដែលពុំបានឆ្លុះបញ្ចាំងអំពីវិស័យមួយដែលកំពុងមានសក្តានុពល ព្រមទាំងពុំបានសហការឲ្យមន្ត្រីពន្ធដារ ចុះមកដោយផ្ទាល់ដូចក្រុមហ៊ុននេះឡើយ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ ចង់ឃើញក្រុមហ៊ុន និងសហគ្រាសដទៃផ្សេងៗក្នុងវិស័យធនធានរ៉ែនេះ មានការអនុវត្តប្រកបដោយស្តង់ដារនិងតម្លាភាព ប្រហាក់ប្រហែល ឬដូចទៅនឹងក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេបូឌា) លីមីធីត (RENAISSANCE MINERAL CAMBODIA LIMITED) ដែលអាចនិយាយបានថា ជាប្រតិបត្តិការការងារល្អប្រសើរ និងជាគំរូ (Role Model) សម្រាប់ក្រុមហ៊ុន និងសហគ្រាសដទៃទៀតក្នុងវិស័យធនធានរ៉ែនេះ ដែលតែងតែមានតម្លាភាព និងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ។
តាមរយៈការសិក្សាដកពិសោធន៍ពីទស្សនកិច្ចសិក្សានេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងរៀបចំយន្តការក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ឲ្យបានល្អប្រសើរបន្ថែមទៀត ចំពោះវិស័យធនធានរ៉ែនេះ តាមរយៈការបង្កើតស្តង់ដារ នៃការអនុវត្ត និងអនុលោមភាពសម្រាប់គម្រោងវិនិយោគផ្សេងទៀត ក្នុងវិស័យដូចគ្នានេះ ដែលជាវិស័យកំពុងមានសក្តានុពល។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានលើកបន្ថែមថា ការទាញយកប្រយោជន៍ពីធនធានធម្មជាតិ មកបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ត្រូវមានការទទួលខុសត្រូវខ្ពស់ លើការការពារផលប្រយោជន៍បរិស្ថាន និងសង្គម បុគ្គលិក-កម្មករ នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការ។
គម្រោងនេះ បានផ្តល់ការយកចិត្តទុកដាក់លើការការពារលើផ្នែកបរិស្ថាន (Environmental Values) ដោយបានរៀបចំអាងប្រព្រឹត្តកម្មលើកាកសំណល់ (Waste Water Treatment System) តាមស្តង់ដារអន្តរជាតិ ដើម្បីទប់ស្កាត់ផលប៉ះពាល់លើបរិស្ថាន រៀបចំរបងព័ទ្ធជុំវិញការដ្ឋាននានា ដើម្បីបង្ការហានីភ័យនានាដល់ជីវចម្រុះ និងប្រព័ន្ធអេកូឡូជី ការចូលរួមគាំទ្រដល់កិច្ចគាំពារ និងធ្វើឲ្យប្រសើរឡើងនូវបរិស្ថានក្នុងតំបន់។
គម្រោងនេះ បានផ្តល់ការយកចិត្តទុកដាក់ចំពោះសង្គម (Social Values) ដោយផ្តល់ការឧបត្ថម្ភគាំទ្រដល់សហគមន៍ក្នុងតំបន់តាមរយៈការជីកអណ្តូងទឹកស្អាត ប្រព័ន្ធទឹកស្អាតសម្រាប់ប្រើប្រាស់ ផ្តល់ការងារជូនសម្រាប់ប្រជាជនក្នុងតំបន់ កសាងមណ្ឌលសុខភាព សាលារៀន ក៏ដូចជាកិច្ចការសង្គមផ្សេងៗសម្រាប់សហគមម៍។ គម្រោងនេះ ផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា ដោយកម្មករនិយោជិតប្រមាណជាជាង ៩០% ជាជនជាតិខ្មែរដោយរាប់ពីកម្រិតកម្មករ កម្រិតបច្ចេកទេស រហូតដល់កម្រិតគ្រប់គ្រង និងតិចជាង ១០% ជាជនបរទេសដែលកំពុងបម្រើការងារ។
ទន្ទឹមគ្នានេះ លោក គង់ វិបុល ក៏បានប្រាប់ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ តាមស្តង់ដារប្រតិបត្តិរបស់ក្រុមហ៊ុន ក្នុងការការពារសុខុមាលភាព និងជីវភាពរស់នៅកម្មករនិយោជិត ឆ្លុះបញ្ចាំងអំពីការគោរពនិងអនុលោមភាពទៅតាមលក្ខខណ្ឌការងារ និងច្បាប់ការងាររបស់កម្ពុជា។
លោកថា ការយកចិត្តទុកដាក់លើការការពារសុខុមាលភាព និងជីវភាពរស់នៅកម្មករនិយោជិត តាមរយៈការផ្តល់ជូននូវអាហារ ការស្នាក់នៅ និងសុវត្ថិភាពការងារមានកម្រិតស្តង់ដារខ្ពស់ ហើយបុគ្គលិក-កម្មករ បានបង្ហាញពីភាពសាទរចំពោះវត្តមាន នៃការវិនិយោគរបស់ក្រុមហ៊ុន និងការពេញចិត្តក្នុងការបម្រើការងារអស់ពីកម្លាំងកាយចិត្ត។
គួររំលឹកផងដែរថា ក្រុមហ៊ុន Emerald Resource NL មកពីប្រទេសអូស្ត្រាលី ដែលមានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនអូស្ត្រាលី (Australia Securities Exchange - ASX) បានដាក់ទុនវិនិយោគ និងចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារជាសហគ្រាសឈ្មោះ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេបូឌា) លីមីធីត (RENAISSANCE MINERAL CAMBODIA LIMITED)។
ក្រុមហ៊ុននេះ បានចំណាយពេលសិក្សាស្រាវជ្រាវស្វែងរកអស់រយៈពេល១៤ឆ្នាំហើយ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាផ្លូវការ ដាក់ឲ្យដំណើរការនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សហកម្ម លើកដំបូងរបស់កម្ពុជានៅតំបន់ អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕