(ភ្នំពេញ)៖ យោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុ ឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក កើនឡើងគួរឲ្យតត់សំគាល់ ជាក់ស្ដែងការទូទាត់រាយ តាមប្រព័ន្ធអេឡិចត្រូនិក មានជាង៤១៥.៥ទ្រីលានរៀល ក្នុងនោះចំនួនគណនីកាបូបអេឡិចត្រូនិក (E-Wallet) បានកើនឡើងដល់១៣.៦លានគណនី ដែលស្មើនឹងជាង៨០ភាគរយនៃចំនួនប្រជាជនសរុប។
លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា ប្រព័ន្ធទូទាត់ឌីជីថលមានការរីកចម្រើន យ៉ាងឆាប់រហ័សព្រមទាំងបានជួយសម្រួលដល់លំហូរប្រតិបត្តិការជួញដូរទំនិញ និងសេវាកម្មទោះបីក្នុងអំឡុងពេលបិទខ្ទប់បណ្តាល មកពីការរាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។
លោកស្រីបញ្ជាក់ថា «ចំនួនទឹកប្រាក់សរុបនៃការទូទាត់រាយ តាមប្រព័ន្ធអេឡិចត្រូនិកជាប្រាក់រៀល និងដុល្លារអាមេរិកបានកើនឡើង៣៤.៥ភាគរយ ស្មើនឹង៣.៨ដងនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ខណៈចំនួនគណនីកាបូបអេឡិចត្រូនិក បានកើនឡើងដល់១៣.៦លានគណនី ស្មើនឹងជាង៨០ភាគរយនៃចំនួនប្រជាជនសរុប»។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សង្កេតឃើញមានការកើនឡើងខ្លាំង នូវការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច។
លោកបានបញ្ជាក់ថា «កត្តាសំខាន់ៗជំរុញឲ្យការទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថលមានការកើនឡើង ដោយសារតែអំឡុងពេល រីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យពលរដ្ឋងាកត្រឡប់មកប្រើប្រាស់ ការទូទាត់តាមអេឡិចត្រូនិក ដើម្បីបញ្ចៀសការប៉ះពាល់ ក្រដាសប្រាក់ដោយផ្ទាល់ ដោយអាចចម្លងការឆ្លងជំងឺកូវីដ១៩, ការពង្រឹងនូវទំនាក់ទំនងនៃប្រព័ន្ធឌីជីថល របស់គ្រឹះស្ថានហិរញ្ញវត្ថុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការរីកចម្រើនលើចំណេះដឹងបច្ចេកវិទ្យារបស់ប្រជាជនកម្ពុជាជាដើម»។
លោកបានបញ្ជាក់ថា ភាពងាយស្រួលនៃប្រព័ន្ធទូទាត់អេឡិចត្រូនិច ជាកត្តាទាក់ទាញយ៉ាងសំខាន់សម្រាប់យុវជន និងប្រជាពលរដ្ឋនៅទីក្រុង ងាកមកប្រើបច្ចេកវិទ្យាថ្មី៕