(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូនេស៊ីសង្ឃឹមថានឹងសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយប្រទេសសិង្ហបុរីដើម្បីចាប់ផ្តើមនាំចេញមាន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ខណៈដែលសិង្ហបុរីកំពុងព្យាយាមស្វែងរកប្រភពផ្គត់ផ្គង់ជំនួសបន្ទាប់ពីប្រទេសជិតខាងម៉ាឡេស៊ីបានរឹតបន្តឹងការនាំចេញមាន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
នៅក្នុងសញ្ញាដែលបង្ហាញពីកង្វះអាហារសកល និងបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់កាន់តែខ្លាំង ប្រទេសម៉ាឡេស៊ីបានបញ្ឈប់ការនាំចេញមាន់រហូតដល់ការផលិតក្នុងស្រុក និងថ្លៃដើមដែលកំពុងកើនឡើងត្រលប់មករកស្ថិរភាពវិញ។
ការហាមឃាត់នេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រទេសសិង្ហបុរី ដោយភោជនីយដ្ឋាននិងតូបលក់ដូរតាមដងផ្លូវបានដំឡើងថ្លៃមុខម្ហូបធ្វើពីសាច់មាន់ដ៏ពេញនិយមរបស់ខ្លួន។
លោក Susiwijono Moegiarso មន្ត្រីជាន់ខ្ពស់នៅក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អាជ្ញាធរបានធ្វើ «ការពិភាក្សាបច្ចេកទេស» ជាមួយសិង្ហបុរី ហើយសង្ឃឹមថាការនាំចេញអាចចាប់ផ្តើមនៅក្នុងខែនេះ។
ទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី (SFA) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុង «ធ្វើការយ៉ាងជិតស្និទ្ធ» ជាមួយអាជ្ញាធរឥណ្ឌូនេស៊ីអំពីការទទួលស្គាល់ថាឥណ្ឌូនេស៊ីជាប្រភពសក្តានុពលនៃការនាំចូលសាច់មាន់។
ឥណ្ឌូនេស៊ីដែលជាប្រទេសធំជាងគេ និងមានប្រជាជនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងប្រជាជនជាង ២៧០លាននាក់ បច្ចុប្បន្នមានអតិរេក (ផលលើស) ផលិតកម្មមាន់។ លោក Achmad Dawami ប្រធានសមាគមអ្នកបង្កាត់ពូជមាន់ឥណ្ឌូណេស៊ីបានប្រាប់រ៉យទ័រថា ប្រទេសឥណ្ឌូនេស៊ីផលិតបានមាន់បានពី ៥៥លានទៅ ៦០លានក្បាលក្នុងមួយសប្តាហ៍ និងមានអតិរេកប្រហែលពី ១៥ ទៅ ២០ភាគរយបន្ទាប់ពីការប្រើប្រាស់ក្នុងស្រុករួច។
លោក Dawami បាននិយាយថា ការនាំចេញទៅកាន់ប្រទេសសិង្ហបុរីដែលមានតម្រូវការប្រហែលពី ៣,៦ ទៅ ៤លានក្បាលក្នុងមួយខែ អាចជួយបំពេញតម្រូវការនេះបាន។
លោក Dawami បានថ្លែងថា សិង្ហបុរីចង់នាំចូលសត្វមាន់រស់ ដើម្បីរក្សាទីសត្វសត្តឃាតក្នុងស្រុករបស់ពួកគេឱ្យដំណើរការប្រក្រតី តែលោកថា ផលិតករឥណ្ឌូនេស៊ីចង់នាំចេញមាន់ដែលសម្លាប់រួចដោយសារពួកគេខ្វះបទពិសោធក្នុងការដឹកជញ្ជូនមាន់រស់។ លោក Dawami បានបន្ថែមថា៖ «សង្ឃឹមថា ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនឹងមានការសម្រេចចិន ប្រសិនបើយើងត្រូវរង់ចាំជាច្រើនខែ យើងនឹងខកខានឱកាសនេះ»៕